សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា

 

ភ្នំពេញ៖ «សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា មិនចង់ឲ្យពលរដ្ឋលំបាកនោះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០»។ ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជន ក្នុងខណ្ឌកំបូល ចំនួន១,២០០នាក់។

នាឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះទេ មហិតារបស់សម្តេច ចង់ប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ចំណូលកម្រិតខ្ពស់នេះ គឺធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូធារ ពោលគឺអ្នកមានការងារធ្វើមានប្រាក់ខែខ្ពស់ ដូចអរិយប្រទេសនៅលើពិភពលោក ហើយអ្នកគ្មានការងារធ្វើក៏មានប្រាក់ខែទ្រទ្រង់សង្គមផងដែរ។

ឯកឧត្តមបន្តថា លោកសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

ជាមួយគ្នានោះ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី សមាជិក គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌកំបូលបានលើកឡើងផងដែរថា ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យក្រុមការងារ ចុះមកបំពេញការងារនៅក្នុងមូលដ្ឋាន ដើម្បីឱ្យគណបក្សមានភាពរឹងមាំ។

លោកជំទាវរំពឹងថា «សមាជិកថ្មីនឹងជួយយផ្សព្វផ្យាយគោលនយោបាយរបស់បក្ស ដើម្បីឱ្យប្រជាពលរដ្ឋបានជឿងជាក់មកលើបក្សប្រជាជនរបស់យើង ពិសេសពន្យល់ពួកគាត់ឱ្យយល់ពីតម្លៃនៃសុខសន្តិភាព នៅក្នុងប្រទេស បើមិនមានសន្តិភាពទេ គឺកម្ពុជាមិនមានអ្វីទាំងអស់ កុំឡើយអភិវឌ្ឍ សូម្បីតែការជួបជុំគ្នាបែបនេះក៏មិនបានផង។ ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង់។ យើងត្រូវការពារបក្សរបស់យើង ត្រូវប្រតិកម្មតបតជាមួយ ការមួលបង្កាច់បង្ខូច គណបក្សយើង ដោយយកការពិតមកបកស្រាយ ដើម្បីបន្សាបព័ត៌មានអកុសលទាំងអស់នោះវិញ។ យើងស្រឡាញ់គណបក្សប្រជាជន យើងត្រូវការពារឱ្យបានដាច់ខាតផលប្រយោជន៍របស់គណបក្ស ដោយការពារដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដោរសារយុវជនរបស់យើងសម័យនេះ ពូខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យាឌីជីតលនេះ»

លោក ឃឹម ស៊ុនសូដា ប្រធានកម្មាធិការគណបក្សខណ្ឌកំបូល ក៏បានធ្វើរបាយការណ៍អំពីការងារកសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង និងសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន។ ដោយមើលឃើញពីការដឹកនាំដ៏ឆ្លាតវៃនេះ ទើបនាំឱ្យក្រុមយុវជនស្ម័គ្រ ចូលរួមជាសមាជិកបក្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយគណបក្សប្រជាជនកម្ពុជា។

តំណាងសមាជិកថ្មីទាំង១,២០០នាក់ បានប្តេជ្ញាចិត្តនឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង