ប៉ូលិសក្រសួងមហាផ្ទៃឃាត់ខ្លួនក្រុមដៃស្អិត២នាក់ បន្ទាប់ពីធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌានៅផ្លូវជាតិលេខ១
ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច នៅចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១និង១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនបានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ជាជនជាតិវៀតណាម ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច។ភ្លាមៗនោះ កម្លាំងជំនាញការិយាល័យធ្វេីការប្រដេញនឹងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ៣៦១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមមាន៖១.ឈ្មោះ ម៉ក់ សុវណ្ណាឌី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ(អ្នកបេីក)និង២.ឈ្មោះ ខែម វិរះពិទូរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(ដៃដល់)។ ចំពោះសំភារ:ដកហូតមាន ម៉ូតូម៉ាក SUZUKI-NEX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1JS-9473(របស់ជនសង្ស័យ)។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យខាងលេី ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕