ឯកឧត្តម ជុំ កុសល ពន្យល់ថា «កិត្តិទេសាភិបាលបណ្ឌិត»គឺ«អ្នកគ្រប់គ្រង បីបាច់ថែរក្សាប្រទេសជាតិប្រកបដោយសេចក្តីថ្កុំថ្កើងរុងរឿង ដោយចំណេះដឹងជ្រៅជ្រះបំផុត»

ភ្នំពេញ៖ បន្ទាប់ពីឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបាន «ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា» បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាពិធីករប្រចាំស្ថានីយ៍វិទ្យុបាយ័នដ៏ល្បីល្បាញ ពោរពេញដោយបទពិសោធន៍ វោហារស័ព្ទ ជំនាញ វិជ្ជាជីវៈជ្រៅជ្រះ និងមានក្រមសីលធម៌ខ្ពស់ផ្នែកវិស័យព័ត៌មានក៏បានលើកឡើងនៅក្មុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅមុននេះបន្តិចដោយពន្យល់ថា «កិត្តិទេសាភិបាលបណ្ឌិត»គឺ «អ្នកគ្រប់គ្រង បីបាច់ថែរក្សាប្រទេសជាតិប្រកបដោយសេចក្តីថ្កុំថ្កើងរុងរឿង ដោយចំណេះដឹងជ្រៅជ្រះបំផុត»។

ឯកឧត្តម ជុំ កុសល បានលើកយកមកពន្យល់ថា គោរមងារជា « កិត្តិទេសាភិបាលបណ្ឌិត » មានន័យថា៖ *កិត្តិ = សេចក្តីសរសើរ , សេចក្តីថ្កុំថ្កើង , រុងរឿង ល្បីល្បាញ។ *ទេស = ប្រទេស , ភូមិ , ស្រុកទេស។ *ភិបាល = អ្នកគ្រប់គ្រង , អ្នកបីបាច់រក្សា , ការគ្រប់គ្រង , ការបីបាច់ថែរក្សា។ *បណ្ឌិត = ជនអ្នកមានប្រាជ្ញា , ជនអ្នកប្រព្រឹត្តល្អអ្នកកាន់សុចរិត១០ប្រការ , អ្នកមានចំណេះដឹងជ្រៅជ្រះ , អ្នកប្រាជ្ញ ។ *កិត្តិទេសាភិបាលបណ្ឌិត = អ្នកគ្រប់គ្រង បីបាច់ថែរក្សាប្រទេសជាតិប្រកបដោយសេចក្តីថ្កុំថ្កើងរុងរឿង ដោយចំណេះដឹងជ្រៅជ្រះបំផុត។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតគឺជាអ្នកដឹកនាំបន្តវេនដែលពោរពេញដោយសក្កានុពល និងសាកសមបំផុតក្នុងការទទួលគោរមងារដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានេះ ។

ជាមួយគ្នានោះ ឯកឧត្តម ជុំ កុសល ក៏សូមចូលរួមអបអរសាទរដោយមនោសញ្ចេតនារំភើបរីករាយបំផុត និងសួមគោរពជូនពរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតមានសុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យជាដរាបក្នុងការដឹកនាំប្រទេសជាតិតទៅមុខ។

គួរជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបាន «ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧» ហើយនៅនៅថ្ងៃនេះឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបាន «ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា» បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់៕

អត្ថបទដែលជាប់ទាក់ទង