ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ជំរុញក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនស្នើសុំ ប.ស.ស ដល់ភ្នាក់ងាររបស់ខ្លួនដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ី សុខឃី នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងគ្រឹះស្ថាន សហគ្រាសប្រើប្រាស់សន្ដិសុខឯកជន ត្រូវគិតគូរអំពីការស្នើសុំប័ណ្ណបេឡាជាតិរបបសន្ដិសុខសង្គម(ប.ស.ស) ដល់ភ្នាក់ងាររបស់ខ្លួនដែលមិនទាន់មាន សំដៅដើម្បីឲ្យទទួលបានការគាំពារពីរាជរដ្ឋាភិបាល។ ការជំរុញខាងលើនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥១ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។
នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯកបានកត់សម្គាល់ថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានមួយចំនួន បានស្នើសុំប័ណ្ណ ប.ស.ស នេះជូនភ្នាក់ងាររបស់ខ្លួនរួចរាល់ហើយ ប៉ុន្ដែនៅមានមួយចំនួនទៀត មិនទាន់បានបំពេញនោះទេ។
ជាមួយគ្នានេះ ឯកឧត្តមបានជំរុញធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជន ដែលនៅសេសសល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានទាំងអស់នោះ ត្រូវតែស្នើសុំជូនភ្នាក់ងាររបស់ខ្លួន ដើម្បីទទួលបានការគាំពារផ្នែកសុខាភិបាលពីរាជរដ្ឋាភិបាល ពោលនៅពេលមានប័ណ្ណ ប.ស.ស នេះភ្នាក់ងារសន្ដិសុខឯកជន នៅពេលទៅទទួលសេវាសុខាភិបាលមិនបង់ថ្លៃនោះទេ ដោយរដ្ឋជាអ្នកទទួលបន្ទុកចំណាយជូន។
ទន្ទឹមនោះឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា ដែលជានិច្ចជាកាលបានបញ្ជូនភ្នាក់ងាររបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីឲ្យភ្នាក់ងាររបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ និងបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្ត្តមបានបន្ដថា សម្រាប់អ្នកដែលទទួលបានការបណ្ដុះបណ្ដាលហើយនោះ ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវ ក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។លើសពីនេះ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា ពោលនៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។
ក្នុងពិធីបិទវគ្គខាងលើ ឯកឧត្តមបានអំពាវនាវដល់ នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានាបន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ហើយសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥១លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៨,៨៤៩នាក់ (ស្រី២០៤នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២០៣នាក់ (ស្រី១៥នាក់)។
ឯកឧត្តមប្រធាននាយកដ្ឋានបានគូសបញ្ជាក់ថា កិច្ចការបើកវគ្គបំប៉នជំនាញនេះក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។
នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សង្កេតឃើញថា ភ្នាក់ងារសន្តិសុខ ដែលបានឆ្លងវគ្គបំប៉នជំនាញនេះ ធ្វើអោយមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព។ នេះបើតាមអ្វីដែលជាការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី៕