សម្ដេចនាយករដ្ឋមន្ត្រីចាំផ្ទះផ្ដាំឲ្យរដ្ឋាភិបាលថ្មីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កែទម្រង់អាជ្ញាធរគ្រឿងញៀន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះបានផ្ដាំផ្ញើទៅកាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពេលដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ ត្រូវធ្វើការកែទម្រង់អាជ្ញាធរគ្រឿងញៀន ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនដែលមានសេសសល់ក្នុងប្រទេសឲ្យបានឆាប់ចប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីជំនួបជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ នៅវិមាន៧មករាក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។
សម្តេចតេជោបានស្នើដល់រាជរដ្ឋាភិបាលថ្មី ដែលត្រូវតែងតាំងនៅពេលខាងមុខ ត្រូវចូលរួមបង្រ្កាបឲ្យខានតែបាននូវការជួញដូរគ្រឿងញៀន បំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។ ក្នុងនោះសម្តេចបានស្នើឲ្យមានការធ្វើកែទម្រង់ដល់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យសង្គមកម្ពុជាគ្មានគ្រឿងញៀនផងដែរ៕