លោក នូវប៉េង ច័ន្ទតារា បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ខិតបង្ខំពលកម្មឱ្យមានប្រសិទ្ធភាព

លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានជំរុញឱ្យដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្តត្រូវចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ។ ការជំរុញខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ លោក នូវប៉េង ច័ន្ទតារា បានលើកឡើងថា សមិទ្ធផលការងារជាច្រើន រួមជាមួយសំណើរ សំណូមពរ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្ត ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល។ លោកបន្តថា ក្នុងការអនុវត្តការងារក្នុងខែកក្កដា កន្លងទៅនេះ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចនូវសមិទ្ធផលនានាជាច្រើន ពិសេសពាក់ព័ន្ធនឹងការរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលកន្លងទៅថ្មីៗនេះ ដែលសម្រេចបាននៅលទ្ធផលដ៏ល្អប្រសើរ ដោយមិនមានព្រឹត្តិការណ៍ ឬហេតុការណ៍ណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ លទ្ធផលល្អប្រសើរនេះ កើតឡើងដោយមានកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ ពីកងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានោះ លោកអភិបាលរងខេត្តបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិកំពុងមានការរីកចម្រើនយ៉ាងរហ័ស។ ចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និង គណនេយ្យភាព។

លោក នូវប៉េង ច័ន្ទតារា បានជំរុញឱ្យបន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេស សំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង