ប៉ូលិសចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់បេក្ខជនប្រធានាធិបតីអេក្វាទ័រ
អេក្វាទ័រ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់បេក្ខជនប្រធានាធិបតីអេក្វាទ័រ លោក Fernando Villavicencio កាលពីថ្ងៃពុធកន្លងទៅនេះ។ នេះបើតាមការផ្សាយព័ត៌មានដោយCNN។
ជនសង្ស័យទាំង៦នាក់នោះ គឺជាជនជាតិកូឡុំប៊ី។ បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេក្វាទ័រ លោក Juan Zapata សមត្ថកិច្ចបានចុះទៅឆែកឆេរដល់កន្លែងដែលជនសង្ស័យនៅ ដោយរកឃើញមានកាំភ្លើងមួយដើម កាំភ្លើងយន្តមួយដើម កាំភ្លើងខ្លី៤ដើម គ្រាប់បែកដៃ៣ដើម កាំភ្លើងវែង២ដើម គ្រាប់កាំភ្លើង៤ប្រអប់ ម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង ដែលគេសង្ស័យថាជនសង្ស័យប្រើសម្រាប់ការធ្វើឃាត។
Fernando Villavicencio ដែលមានវ័យ៥៩ឆ្នាំត្រូវបានខ្មាញ់កំាភ្លើងបាញ់សម្លាប់ ខណៈគាត់កំពុងចេញពីការប្រមូលផ្តុំយុទ្ធនាការនៅសាលាមួយនៅភាគខាងជើងនៃរដ្ឋធានីគីតូ ១០ថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយត្រូវបានរៀបចំឡើង។
លោក Villavicencio គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាព៨នាក់នៅក្នុងការបោះឆ្នោតជុំទីមួយថ្ងៃទី២០ ខែសីហា ទោះបីជាលោកមិនមែនជាបេក្ខជននាំមុខក៏ដោយ៕