កុមារអាយុ៥ឆ្នាំម្នាក់និង១០ឆ្នាំម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មព្រោះតែអ្នកបើកបរត្រាក់ទ័របត់ឆ្វេងខ្វះការប្រុងប្រយ័ត្ននៅស្រុកភ្នំព្រឹក
នៅវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងត្រាក់ទ័រ និងម៉ូតូបណ្តាលឲ្យមនុស្សចំនួន២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសស្រាល។
បើតាមលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយត្រាក់ទ័រ ១គ្រឿង ម៉ាកហ្វ័ត ពណ៌ខៀវ អ្នកបើកបរឈ្មោះ សុិន វុធី ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកសងឌ្រីម ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-5591 អ្នកបើកបរឈ្មោះ អឿន សំភាស់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ក្រោយពេលដឹកដល់មន្ទីពេទ្យ និងអ្នករួមដំណើរចំនួន២នាក់៖ ទី១.ឈ្មោះ អឿន ឧស្សាហ៍ ភេទស្រី អាយុ ៥ឆ្នាំ រងរបួសធ្ងន់រហូតដល់ស្លាប់ ក្រោយពេលបញ្ចូនទៅដល់មន្ទីពេទ្យ និងទី២.ឈ្មោះ អឿន ចិត្រា ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល។
ប្រភពព័ត៌មានបន្តថា តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារអ្នកបើកបរត្រាក់ទ័រ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យភាគីម៉ូតូបុកចំពីមុខពេញមួយទំហឹងតែម្ដង។
ប្រភពបញ្ជាក់ទៀតថា បច្ចុប្បន្ននគរបាលស្រុកភ្នំព្រឹកបានយកមធ្យោបាយបង្ក និងវត្ថុតាង បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕