អ្នកបើកកង់បីកំពូលឈ្លើយត្រូវបានឃាត់ខ្លួន!
អ្នកបើកបរកង់បីកំពូលឈ្លើយម្នាក់ដែលបានបើកបញ្ច្រាសទិស ហើយទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។
បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបានឃេីញវីដេអូ នៅលេីបណ្តាញសង្គមភ្លាម ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវធ្វេីការស្រាវជ្រាវ រកអ្នកបេីកបរម៉ូតូកង់បី បញ្ច្រាសទិសដែលមានបំណងប្រេីដែកទីបវាយមកលេីអ្នកបេីកបររថយន្តនោះឲ្យឃេីញ។
ដោយអនុវត្តតាមបទបញ្ជា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វេីការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា ដែលបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នារវាងអ្នកបើកបរកង់បីឥណ្ឌា ជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង។
បន្ទាប់ពីកើតហេតុ ដោយទទួលបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះបានធ្វើការសហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួនម្ចាស់កង់បីឥណ្ឌាខាងលើ។
បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា អ្នកបើកបរកង់បីខាងលើនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះទៅឃាត់ខ្លួនដល់ផ្ទះតែម្ដង ដែលមានទីតាំងស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕