បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នយបុករថយន្ដដែលគេចតលើផ្លូវចោល

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបានជិះម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន បណ្តាលឲ្យបុករថយន្តមួយគ្រឿងពីក្រោយដែលកំពុងចតចោលលើដងផ្លូវ ត្រង់ចំណុចខាងលិចក្លោងទ្វារវត្តម៉ុងចិន ប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

បើតាមប្រភពពីមន្រ្តីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ីម ដារា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ពុំមានស្លាកលេខ។

ប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-7784 (អ្នកបើកបរមិនស្គាល់ឈ្មោះ) បានឈប់ចោលលើទ្រូងផ្លូវបែរក្បាលទៅទិសខាងកើតដោយគ្មានការប្រុងប្រយ័ត្ន ក្រោយមកស្រាប់តែមានម៉ូតូ០១គ្រឿង បើកក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តខាងលើពីក្រោយបណ្តាលអោយគ្រោះថ្នាក់ស្លាប់តែម្តង។

បច្ចុប្បន្នសមត្ថកិច្ចបានយកមធ្យោបាយបង្កគ្រោះថ្នាក់មករក្សាទុកនៅអធិការដ្ឋានក្រុង ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង