អ្នកសារព័ត៌មានដែលខ្លាំងគឺត្រូវចេះសាមគ្គីគ្នា សហការគ្នាចែករំលែកព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន ហើយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា អ្នកសារព័ត៌មានដែលខ្លាំងគឺត្រូវចេះសាមគ្គីគ្នា សហការគ្នាចែករំលែកព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន ហើយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។
ការគូសបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងពិធីចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងបន្តថា ក្នុងនាមជាអ្នកសារព័ត៌មានបច្ចុប្បន្នត្រូវចេះសហការគ្នា រកព័ត៌មានពិតប្រាកដផ្សព្វផ្សាយឱ្យបានលឿន ហើយផ្សព្វផ្សាយឱ្យបានគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានណែនាំឱ្យមន្ត្រីនៃក្រសួងព័ត៌មានទាំង៥ អគ្គនាយកដ្ឋានចំណុះឱ្យក្រសួងព័ត៌មានត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។
ឯកឧត្តមបន្តថា ពីមុនអ្នកសារព័ត៌មានដើររកព័ត៌មាន ប៉ុន្តែបច្ចុប្បន្នព័ត៌មានរត់មករកអ្នកសារព័ត៌មានវិញ។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា ការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបានឡើយ គឺទាមទារឱ្យមានការសហការគ្នា។
ទន្ទឹមគ្នានោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងទៀតថា «អ៊ីចឹងទាមទារមន្ត្រីព័ត៌មានយើងមានការយល់ដឹងខ្ពស់ ដើម្បីយល់ដឹងខ្ពស់បាន សំខាន់គឺធ្វើការជាមួយគ្នា ចែករំលែកបទពិសោធន៍ជាមួយគ្នា។ ដូចខ្ញុំបាននិយាយម្ដងហើយ សម័យមុនអ្នកណាក្ដាប់ព័ត៌មានបានគឺក្ដាប់អំណាច តែសម័យនេះអ្នកណាចែករំលែកព័ត៌មានបានលឿន អ្នកនោះក្ដាប់អំណាច ពីព្រោះព័ត៌មានមានច្រើន បើយើងក្ដាប់ទុកតែខ្លួនឯង អ្នកផ្សេងអត់ដឹងគឺធ្វើការមិនស៊ីចង្វាក់គ្នាបានទេ។ អ៊ីចឹងការបែងចែកព័ត៌មាននេះ គឺសំខាន់ណាស់ នេះគឺជាសារៈសំខាន់ដែលយើងត្រូវយល់»៕