អ្នកបើកកង់បីកំពូលឈ្លើយម្នាក់ដែលជិះបញ្ច្រាសនិងទាញដែកទីបបម្រុងវាយគេតាមដងផ្លូវ ត្រូវបញ្ជូនទៅតុលាការនៅរសៀលនេះហើយ

អ្នកបើកកង់បីកំពូលឈ្លើយម្នាក់ដែលជិះបញ្ច្រាសទិសគេ និងបានទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ ត្រូវបាននគរបាលបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកល្មើសច្បាប់ចរាចរណ៍នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ។

បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានរៀបចំសំណុំរឿងបញ្ជូនអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយអ្នកបើកបររថយន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកល្មើសច្បាប់ចរាចរណ៍»។

គួរជម្រាបថា ក្រោយកើតហេតុ ដោយទទួលបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះបានសហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួនម្ចាស់កង់បីឥណ្ឌាខាងលើ៕

អត្ថបទដែលជាប់ទាក់ទង