រថយន្តមួយគ្រឿងបានបុកនិងកិនស្ត្រីម្នាក់ស្លាប់កណ្ដាលថ្នល់

ស្ត្រីម្នាក់ត្រូវបានរថយន្តមួយគ្រឿងជិះស្របទិសគ្នាបុកពីក្រោយ ហើយកិនបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូបត់ឆ្លងផ្លូវលើបណ្ដោយផ្លូវជាតិលេខ១១ ត្រូវបានកម្លាំងនគរបាលស្រុកពាមរក៍ ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តមកដោះស្រាយតាមនីតិវិធី។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៧៖០៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខផ្ទះតាហេង លើផ្លូវជាតិលេខ ១១ ស្ថិតក្នុងភូមិព្រែកខ្សាយជើង ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

សពជនរងគ្រោះឈ្មោះ ខែក ស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ដោយឡែកជនបង្កជាម្ចាស់រថយន្តនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

គួរបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានបើកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត.1B.5149 ឆ្លងថ្នល់ទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តដឹកត្រីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3F-8508 បើកបរទិសដៅពីត្បូងទៅជើង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បានបុកម៉ូតូពីក្រោយបណ្ដាលឱ្យអ្នកបើកបរម៉ូតូធ្លាក់ត្រូវកង់មុខរថយន្តផ្នែកខាងស្តាំកិនស្លាប់នៅកន្លែងកើតហេតុតែម្តង រួចម្ចាស់រថយន្តក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នម្ចាស់រថយន្តជាជនបង្កកម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវតាមរក ដោយឡែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍៕

អត្ថបទដែលជាប់ទាក់ទង