អង្គការមិនមែនរដ្ឋាភិបាល ស្នើសុំឱ្យមានការយកពន្ធបន្ថែម៥០០៛ ក្នុងបារីមួយកញ្ចប់
អង្គការមិនមែនរដ្ឋាភិបាលគាំទ្រសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដោយតម្រូវឱ្យម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់អនុវត្តលើតម្លៃបន្ថែម និងស្នើសុំឱ្យមានការយកពន្ធបន្ថែម៥០០៛ ក្នុងបារីមួយកញ្ចប់ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារការជក់បារីនៅកម្ពុជា។
យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម៥០០៛ ក្នុងបារីមួយកញ្ចប់ នោះនឹងនាំឱ្យ៖ តម្លៃបារីកើនឡើង១៥%
កាត់បន្ថយអ្នកជក់បារី ៣០ ០០០នាក់ នៅឆ្នាំបន្ទាប់បង្ការអ្នកស្លាប់ ១០ ០០០នាក់ ក្នុងរយៈពេល១០ទៅ១៥ឆ្នាំបន្ទាប់កើនប្រាក់ចំណូលពន្ធរដ្ឋជាង៥៣លានដុល្លារសហរដ្ឋក្នុង១ឆ្នាំ។
តាមរបាយការណ៍ស្រាវជ្រាវ Seatca Tobacco Tax Index 2021 ២ បានបង្ហាញថា កម្ពុជាមានអត្រាពន្ធលើផលិតផលថ្នាំជក់នៅកំរិតទាបនៅឡើយ ដោយយកពន្ធត្រឹម ២៥% សម្រាប់បារីក្នុងស្រុក និង ៣១,១០ សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ ខណៈប្រទេសថៃយកពន្ធរហូតដល់ ៧៨,៦% និងប្រទេសហ្វីលិពីនយកពន្ធ ៧១,៣២%។
សូមបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យរដ្ឋទទួលបានប្រាក់ចំណូលពន្ធបន្ថែម ហើយការដំឡើងពន្ធនេះ នឹងជួយឱ្យអត្រាអ្នកជក់បារីថយចុះ និងបង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។
នៅកម្ពុជា ប្រជាពលរដ្ឋ ១៥០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត៕