ចោរសម័យទំនើបជិះម៉ូតូកង់បីលួច​កាច់ពោតក្នុងចំការអ្នកដទៃនៅស្រុកភ្នំព្រឹក​ ត្រូវប៉ូលិសចាប់ឃាត់ខ្លួន

ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១២៖៣០នាទី ថ្ងៃទី១៦ ខែ​សីហា​ ឆ្នាំ​២០២៣ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចកាច់ពោតប្រមាណជាចំនួន២រ៉ៃដី ខណៈជនរង​គ្រោះឈ្មោះ ម៉ូវ សុផាត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនគរបាលស្រុក​។

ក្រោយទទួលបានពាក្យបណ្ដឹង លោកវរសេ​នីយ៍​ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុក​បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការស្រាវជ្រាវ​ ស្វែងរកអ្នកលួចខាងលើនេះរហូតដល់វេលាថ្ងៃដដែលបានរកឃើញម៉ូតូកង់បីម៉ាកវេវពណ៌ខៀវចំនួន ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង1E-9177 មានដឹកផ្លែពោតចំនួន២កំណាត់ការ៉ុង ស្មើនឹង៤៤០ផ្លែ នៅក្នុងដីចំការរបស់ជនរងគ្រោះ​ សមត្ថកិច្ចបានយកមករក្សាទុក នៅកន្លែងអធិការដ្ឋានជាបណ្តោះអាសន្ន។ លុះដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង១៣៖៣០នាទី ទើបសមត្ថកិច្ចបានស្វែងរកម្ចាស់ម៉ូតូខាងលើនេះឃេីញ និងបាននាំខ្លួនយកមកធ្វេីការ​សាកសួរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡុង កុម្ភះ ហៅ​ខែ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ និងឈ្មោះ ជឿន ឌឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខ​របរកម្មករទាំង២នាក់ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបន្តថា ពេលធ្វើការសាកសួរពួកគេបានឆ្លេីយសារភាពថា​ ពិតជាបានប្រេីប្រាស់ម៉ូតូកង់បីនេះទៅលួចបេះផ្លែពោតគេនៅក្នុងចំការ​ ប៉ុន្តែពេលកំពុងបេះ​ បានមួយចំនួ​នហេីយនោះ​ ម្ចាស់គេដឹង​ក៏នាំគ្នារត់ចោ​លម៉ូតូតែម្តង។

បច្ចុប្បន្ននគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕

Processed with Rookie Cam

អត្ថបទដែលជាប់ទាក់ទង