បណ្ឌិត ម៉ៅ ធនិន ៖មិនអាចយកលុយមកទិញ តួនាទីបាននោះទេ
ប្រធានគណបញ្ជាការនិងអភិបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានគូសបញ្ជាក់ថា «គ្រប់ការងារដែលមានការចាត់តាំងក្នុងអណត្តិ របស់លោកផ្ទាល់ គឺផ្តោតសំខាន់ទៅលើអ្នកដែលមានសមត្ថភាព ហើយអ្នកមានសមត្ថភាព គឺត្រូវតែទទួលបានការតែងតាំង និងផ្តល់តួនាទីជូន ដើម្បីចូលរួមក្នុងការដឹកនាំ។ ប្រសិនបើអ្នកដែលមានលទ្ធភាព តែពុំមានសមត្ថភាព គឺមិនអាចទទួលបាននូវការចាត់តាំង ដែលជាអំណាចរដ្ឋ និងអំណាចបក្សបានដាច់ខាត និយាយជារួមគឺមិនអាចយកលុយមកទិញ តួនាទីបាននោះទេ»។
ការគូសបញ្ជាក់ខាងលើរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការសាលាខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តធ្វើឡើងនៅសាលាខេត្តកំពត។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានបញ្ជាក់ទៀតថា «ប្រសិនបើកន្លែងមួយ អង្គភាពមួយ មានថ្នាក់ដឹកនាំដែលពោពេញទៅដោយសមត្ថភាព ចរិកការងារច្បាស់លាស់ និងមានក្រមសីលធម៌ច្បាស់លាស់ គឺកន្លែងនោះ ឬអង្គភាពនោះ នឹងទទួលបានប្រសិទ្ធិភាពការងារ ខ្ពស់»។
ឯកឧត្ដមអភិបាលខេត្តកំពត បានបន្តលើកឡើងថា ក្នុងយន្តការនៃការចាត់តាំង និងតែងតាំងមន្រ្តី គឺត្រូវពិនិត្យបច្ច័យ និងជ្រើសរើសយកមន្ត្រីដែលមានសមត្ថភាព មានចរិកការងារច្បាស់លាស់ក្នុងការដឹកនាំ និងប្រកបទៅដោយក្រមសីលធម៌ក្នុងការដឹកនាំ។
សូមជម្រាបជូនថា រដ្ឋបាលខេត្តកំពត បានតែងតាំង សម្រួល និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពត ចំនួន ២៥រូប ក្នុងនោះ ស្រី៥រូប៕