ក្រសួង​សុខាភិបាលនៅតំបន់​ហ្គាហ្សា​និយាយ​ថា ជនជាតិ​ប៉ាឡេស្ទីនចំនួន ​២០​នាក់បាន​ស្លាប់ដោយសារការវាយប្រហារ នៅពេលឈរតម្រង់​ជួរទទួល​ជំនួយ​ស្បៀងអាហារ

Reuters៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ មានការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ Gaza City ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ២០នាក់ និងបង្ករបួសដល់ ១៥០ នាក់ ផ្សេងទៀត ដែលកំពុងឈរតម្រង់ជួរទទួលជំនួយស្បៀងអាហារ ជាអ្វីដែលក្រុមចម្រុះប៉ាឡេស្ទីហៅថា “ឧក្រិដ្ឋកម្មសង្គ្រាម”។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នោះ។ គណៈកម្មាធិការតាមដាន កងកម្លាំងជាតិ និងអ៊ីស្លាមដែលជាសម្ព័ន្ធនៃក្រុមសកម្មប្រយុទ្ធ និងក្រុមនយោបាយ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារសំដៅលើជនស៊ីវិល ដែលកំពុងរង់ចាំទទួលជំនួយសង្គ្រោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនោះបាននិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុង “ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍” ។

ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា នៅពេលព្រលប់ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស ទៅលើលំនៅដ្ឋានមួយក្នុងជំរុំជនភៀសខ្លួន Al-Nusseirat ដោយបានសម្លាប់មនុស្ស ០៦នាក់ នៅចំណុច កណ្តាលតំបន់ហ្គាហ្សាផងដែរ។

អ្នកស្រុកបាននិយាយថា រថក្រោះជាច្រើនគ្រឿងរបស់អ៊ីស្រាអែលបានវាយលុកយ៉ាងខ្លាំងទៅលើតំបន់ ជុំវិញមន្ទីរពេទ្យចំនួនពីរក្នុងទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដោយបង្ខំ ឲ្យមនុស្សដែលបានចាកចេញពីទីលំនៅទាំងនោះ ខ្នះខ្នែងស្វែងរកទីសុវត្ថិភាពសារជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង