រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ក្រុមហ៊ុន Cambodia Motor Vehicle Inspection Center-CMVIC
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា នាព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាឫស្សីកែវ របស់ក្រុមហ៊ុន Cambodia Motor Vehicle Inspection Center – CMVIC ដែលមានទីតាំងស្ថិតនៅក្នុងដីឡូតិ៍ តាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខាងត្បូងទីស្តីការក្រសួង។
ការចុះត្រួតពិនិត្យមណ្ឌលឆៀកនាឱកាសនេះ ត្រូវបានធ្វើឡើងដើម្បីស្វែងយល់បន្ថែមអំពីដំណើរប្រតិបត្តិការ នៃការអនុវត្តការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ក្រុមហ៊ុន CMVIC ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធានាបានថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅទីនេះ គឺពិតជាប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងគ្រប់លក្ខខណ្ឌដែលបានកំណត់។
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ស្របតាមស្តង់ដាលក្ខណៈបច្ចេកទេស និងបទប្បញ្ញត្តិច្បាប់ដែលបានកំណត់ គឺពិតជារឿងចាំបាច់ដែលម្ចាស់យានជំនិះគ្រប់រូបមិនអាចមើលរំលង ពីព្រោះគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដែលកើតឡើងពីកត្តាយានជំនិះមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់ពេលវេលា។
បងប្អូនអាចធ្វើការស្នើសុំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម អាសយដ្ឋាន https://techinspection.mpwt.gov.kh ដោយគ្រាន់តែបំពេញព័ត៌មានដោយខ្លួនឯង និងមិនចាំបាច់ធ្វើការចំណាយក្រៅផ្លូវការផ្សេងៗ៕