នាយរងការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពនិងបាននិយាយទូរស័ព្ទ ត្រូវបានប្រជាពលរដ្ឋរិះគន់រហូតដឹងដល់លោកស្នងការ
បន្ទាប់ពីមានបណ្ដាញសារព័ត៌មានបានបង្ហោះវីដេអូពីមន្រ្តីនគរបាលស្លៀកពាក់ឯកសណ្ឋាន ជិះម៉ូតូមិនពាក់មួក និងបាននិយាយទូរស័ព្ទពេលកំពុងបើកបរ ដោយភ្ចាប់ជាមួយខ្លឹមសារថា៖ ចាប់ពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ ចំណែកខ្លួនឯងជាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ បែរជាជិះម៉ូតូអត់ពាក់ម៉ួកសុវត្តិភាពហេីយ និយាយទូរស័ព្ទ ធ្វេីព្រងេីយ មិនខ្មាស់ប្រជាពលរដ្ឋបន្តិចណាសោះ សូមលោកស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យមេីលមន្ត្រីក្រោមឱវាទផងកុំអោយប្រជាពលរដ្ឋរិះគន់ទៅលេីមន្ត្រីជាអ្នកអនុវត្តច្បាប់ដែលស្អាតស្អំ។
នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សាមីខ្លួនឈ្មោះ សែ សុវណ្ណឌី អត្តលខ ៦៣៥៣៧ តួនាទី នាយរងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស័្មគ្រចិត្តទទួលកំហុស និងបង់ប្រាក់ផាកពិន័យនៅតាមច្បាប់ ចំនួនពីរអំពើល្មើស នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រួចរាល់ហើយ។
យោង៖ អនុក្រឹត្យ លេខ ០៣៩ អនក្រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រង់ជំពូកទី៣ អំពើល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍ មាត្រា៦ ថ្មី ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន ចំពោះអំពើល្មើស ដូចខាងក្រោម៖
*ចំណុចទី១ ក ត្រូវពិន័យទឹកប្រាក់ចំនួន ៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព។
*ចំណុចទី ២ ក ត្រូវពិន័យទឹកប្រាក់ចំនួន ៨០ ០០០ (ប្រាំបីម៉ឺន)រៀល ចំពោះអ្នកបើកបរប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
*សរុបទឹកប្រាក់ពិន័យចំនួនពីរអំពើល្មើស ចំនួន ១៤០ ០០០ (ដប់បួនម៉ឺន)រៀល៕