បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន៤នាក់ រួមជាមួយគ្រឿងញៀនជាង២គីឡូក្រាម

អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថា នឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។

ជាក់ស្តែងកាលពីវេលាម៉ោង១១៖០៥នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅផ្សេងគ្នារួមមាន៖

គោលដៅទី១ ៖ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ ៖ ផ្ទះលេខ៧៤ ផ្លូវប៉េ០៨ (បុរីប៉េងហួត) សង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចបាន ​ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ ខុម ជ័យលាភី ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ។ ២-ឈ្មោះ អ៊ូ ច័ន្ទសុភ័គរតនា ភេទស្រី ឆ្នាំកំណើត២០០០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ។ ៣-ឈ្មោះ ផាន សុខហេង ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ។ និង៤-ឈ្មោះ ជឹង ដាវីត ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ។

ដោយចាប់យកសម្ភារ: និងមធ្យោបាយ៖  *ទូរស័ព្ទដៃចំនួន ២គ្រឿង,  *រថយន្ត ០១គ្រឿង និងដកហូតវត្ថុតាងរួមមាន៖  *អាវុធខ្លី០១ដើម បង់១ និងគ្រាប់ចំនួន ២, *មេតំហ្វេតាមីន(ICE) ទម្ងន់ ១,៩៩២ ក្រាម, *អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៣៣.២៩ ក្រាម, *កេតាមីន (K) ទម្ងន់ ០.៤១ ក្រាម។

​សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ២០២៥,៧០ ក្រាម (២គីឡូ ២៥,៧០ ក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង