ញៀនលេងឆ្នោតវៀតណាម និងបៀរ រហូតកម្លាំងPMខេត្តកណ្ដាលចុះចាប់ឃាត់ខ្លួន បញ្ជូនទៅពន្ធនាគារ
កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីបើកទីតាំងនិងល្បែងស៊ីសងខុសច្បាប់ គឺឆ្នោតវៀតណាមនិងបៀរ កើតឡើង ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកមុខកំពូល បានចុះដល់កន្លែងជាក់ស្តែង ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ភេទស្រី យកមកអង្គភាពដើម្បីសាកសួរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ប្រភពបន្តថា ចំពោះវត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទ ០១គ្រឿង, បៀរ ១៦ហ៊ូ, កំរាលក្រាលលេងបៀរ ០២, ម៉ាស៊ីនគិតលេខ ០១, ក្រដាសនិងសម្ភារៈកត់កន្ទុយលេខមួយចំនួន, ក្រដាសផួយកត់រួចចំនួន០៨សន្លឹក, ក្រដាសរ៉ាមសម្រាប់កត់០៧ក្បាល, ក្រដាសផ្ដាន០៧សន្លឹក, ប៊ិច០១ដើម និងទឹកលុប០១ដើម។
ប្រភពបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាលជាបណ្ដោះអាសន្នហើយ៕