ឥណ្ឌាសន្យាបន្តគាំទ្រការបណ្ដុះបណ្ដាលនគរបាលជាតិ និងផ្ដល់ជំនួយសម្ភារៈបន្ថែមទៀតដល់ក្រសួងមហាផ្ទៃកម្ពុជា
លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជា បន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយសម្ភារៈផ្សេងៗដល់មន្ត្រីនគរបាលជាតិកម្ពុជា។
ការបញ្ជាក់នេះបានធ្វេីឡេីងក្នុងជំនួបរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកជំទាវ ព្រមទាំងសហការី នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល តាមរយៈការផ្ដល់អាហារូបករណ៍រយៈពេលខ្លី-វែង ទៅសិក្សាជំនាញផ្សេងៗនៅប្រទេសឥណ្ឌាជូនមន្ត្រីនគរបាលកម្ពុជា។
លោកជំទាវបណ្ឌិត ក៏បានអបអរសាទរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកោតសរសើរចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរមកប្រទេសកម្ពុជា៕