ឯកឧត្តម វង្សី វិស្សុត ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តកំពង់ធំ

ឯកឧត្តម វង្សី វិស្សុតសមាជិកគណៈអចិន្ត្រៃយ៍គណៈ
កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំនៃគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចូលរួមធ្វើអធិបតីភាពបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មណ្ឌលភូមិភាគទី៨ នៅខេត្តកំពង់ធំ។ នៅក្នុងពិធីបើកយុទ្ធនាការនេះមានការអញ្ជើញចូលរួមពីប្រធានកិត្តិយសនៃក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំជាអនុប្រធាន បេក្ខជនឈរឈ្មោះសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ នៃភូមិភាគទី៨ ដែលជាអង្គបោះឆ្នោតទាំងអស់ក្នុងខេត្តកំពង់ធំ។

ឯកឧត្តម វង្សី វិស្សុត បានអានខ្លឹមសារបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ បានសម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងបានផ្ដល់ការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់នៅគ្រប់កាលៈទេសៈក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិ ប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោម ម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹមលើ មាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន បើទោះបីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខជាការបោះឆ្នោតអសកលក៏ពិតមែន តែជាការបោះឆ្នោតដ៏មានសារសំខាន់យ៉ាងក្រៃលែងក្នុងការបន្តបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា និងជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា អ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្ដុង្គឧត្តមរបស់ប្រជាជនដែលបា ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។ ជាមួយគ្នានេះសម្តេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ ដោយគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជានីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ គណបក្សនឹងចូលរួមសហការជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយល្អប្រសើរប្រកបដោយលក្ខណៈសេរី យុត្តិធម៌ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាឱ្យកាន់តែរឹងមាំឡើង។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ ជាអ្នកតំណាងរាស្ត្រ និងលោក លោកសី ជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេសចូលរួមបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនារបស់ជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។ សម្តេចតជោក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញានឹងបន្តខិតខំឱ្យអស់ពីលទ្ធភាពក្នុងការអនុវត្តនូវកម្មវិធីនយោបាយរបស់ខ្លួន សំដៅថែរក្សាយ៉ាងរឹងមាំនូវសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌

ក្នុងពីធីនោះដែរ ថ្លែងទៅកាន់អង្គបោះឆ្នោតប្រមាណជាង៤០០នាក់ ឯកឧត្តម វង្សី វិស្សុត បានគូសរំលេចពីសមិទ្ធផល និងស្នាដៃជាច្រើនក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានក្រើនរំលឹកឱ្យសមាជិកសមាជិកាគណបក្សថ្នាក់ខេត្ត ស្រុកខណ្ឌ ឃុំសង្កាត់ រហូតដល់ភូមិខិតខំបម្រើសេវាសាធារណជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំឱ្យអស់ពីកម្លាំងកាយចិត្ត។ ខិតខំធ្វើអំពើល្អ កាចបន្ថយអសកម្មនានា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន។

ឯកឧត្តមបានផ្តាំផ្ញើដល់អង្គបោះឆ្នោតឱ្យសូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត (បាត់ ឬផុតសុពលភាព) តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានជាប់ជាប្រចាំគោរពខ្ជាប់ខ្ជួននូវច្បាប់ បទប្បញ្ញត្តិ បទបញ្ជា និងបំរាមនានាពាក់ព័ន្ធនឹងការបោះឆ្នោត។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងមូលក្នុងខេត្តកំពង់ធំ ត្រូវធ្វើយ៉ាងណារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅបង្កើតបានបរិយាកាសនយោបាយល្អប្រសើរប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

 

អត្ថបទដែលជាប់ទាក់ទង