សម្តេចភក្តី សាយ ឈុំ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃដំបូង នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានជួបជុំគ្នានៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដា្ឋនរាជធានីភ្នំពេញ។
នាឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា យុទ្ធនាការឃោសនានេះមានរយៈពេល ១៤ថ្ងៃ គឺពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាឱកាសឱ្យបេក្ខជនព្រឹទ្ធសភារបស់គណបក្សបានជួបផ្ទាល់ជាមួយអង្គបោះឆ្នោត ដើម្បីផ្សព្វផ្សាយ អំពីគោលការណ៍ចម្បងសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភាឱ្យបានទូលំទូលាយ ស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោត ដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណ្ដើមប្រៀបឈ្នះឱ្យបានដាច់ខាត ក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ២០២៤ ខាងមុខនេះ។
សម្តេចអនុប្រធានគណបក្ស សូមថ្លែងអំណរគុណដល់គណៈកម្មាធិការ គណបក្សរាជធានី គណបក្សខណ្ឌ លោក លោកស្រី ក្រុមប្រឹក្សា សង្កាត់នៅទូទាំងរាជធានីភ្នំពេញ ដែលបានខិតខំសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅទូទាំងរាជធានីភ្នំពេញ ក្នុងនោះការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២២-២០២៧ បម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះ គឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សឈានទៅអនុវត្តយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលបន្តវេន អាណត្តិទី៧ ដឹកដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលមានបាវចនា ចំនួន៥គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាព គន្លឹះចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។
សម្តេចវិបុលសេនាភក្តីបានបន្តថា តាមរយៈកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាល កំពុងអនុវត្តយ៉ាងសកម្មនោះនឹងបង្កើតបាននូវប្រព័ន្ធគាំពារសង្គមមួយប្រកបដោយគុណភាព និងបរិយាបន្ន ហើយជួយបំពេញតម្រូវការរបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ស្ត្រី កុមារ យុវជនឱ្យទទួលបាននូវអត្ថប្រយោជន៍គ្របដណ្តប់ផ្នែកសុខភាពសាធារណៈ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស បង្កើតការងារកាន់តែច្រើនជូនប្រជាជន ពិសេសសម្រាប់យុវជនក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ពិសេសទទួលបានការផ្តល់សេវាសាធារណៈបានឆាប់រហ័សប្រកបដោយគុណភាព តម្លាភាព និងការជឿទុកចិត្ត។
ព្រឹទ្ធសភា នីតិកាលទី៥នេះ មានសមាជិក៦២រូប ក្នុងនោះ២រូប តែងតាំងដោយព្រះមហាក្សត្រ ២រូប បោះឆ្នោតជ្រើសតាំង ដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប និង៥៨រូបទៀត ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតជាអសកលដែលមានក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងតំណែង និងអ្នកតំណាងរាស្ត្រ ក្នុងតំណែងជាអង្គបោះឆ្នោត៕