អ្នកចូលរួមចាប់ត្រីក្នុងពិធីចាប់ត្រីរួមគ្នានៅស្រុកប្រាសាទបាគង ហាក់មានការថយចុះជារៀងរាល់ឆ្នាំ

អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង តែងជួបជុំគ្នានៅបឹងសហគមន៍ដើម្បីចាប់ត្រីរួមគ្នាយកមកធ្វើម្ហូបអាហារ សម្រាប់ពិធីឡើងមាឃដែលជាប្រពៃណីពីបុរាណរបស់អ្នកស្រុកក្នុងតំបន់អង្គរ។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ក្រៅពីអ្នកភូមិបង្កោង ក៏មានប្រជាពលរដ្ឋមកពីបណ្ដាភូមិផ្សេងៗ មកចូលរួមផងដែរ។ ប៉ុន្តែលោក ពេជ្រ ឃិន មេភូមិបង្កោង លើកឡើងថា ត្រីដែលប្រជាពលរដ្ឋចាប់បានហាក់មានបរិមាណតិចជាងឆ្នាំ២០២៣ និងអ្នកចូលរួមចាប់ត្រីហាក់មានការថយចុះជារៀងរាល់ឆ្នាំផងដែរ។

តាមការប៉ាន់ស្មាន របស់លោកមេភូមិបង្កោង បរិមាណត្រីចុះថយនេះ អាចបណ្តាលមកពីកត្តាធម្មជាតិ ដោយសារកន្លងមក លោកបានយកកូនត្រី មកប្រលែងក្នុងបឹងអភិរក្សនេះមួយចំនួនដែរ តែលោកសង្កេតឃើញថាបរិមាណទឹកក្នុងបឹង ហាក់មានសភាពរាក់ជាងឆ្នាំមុន។

គួរជម្រាបថា ពិធីចាប់ត្រីរួមគ្នា របស់អ្នកស្រុកប្រាសាទបាគងនេះ តែងប្រារព្ធឡើង ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់។

ក្នុងពិធីនេះដែរ អ្នកចូលរួមតម្រូវឲ្យប្រើឧបករណ៍នេសាទប្រពៃណីដូចជា សំណាញ់ អង្រុត ឈ្នាងជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង