លោក ប៉ែត សារ៉ាត់ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពី “បច្ចេកទេសជួសជុល និងថែទាំផ្លូវថ្នល់” ជាមួយសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះ បច្ចេកទេសក្នុងការងារជួសជុល និងថែទាំផ្លូវថ្នល់ ជាប្រចាំ ប្រកបដោយគុណភាព និងប្រសិទ្ធផលខ្ពស់
លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល តំណាងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពី “បច្ចេកទេសជួសជុល និងថែទាំផ្លូវថ្នល់” រៀបចំឡើងដោយក្រុមការដ្ឋានថែទាំ។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ប៉ែត សារ៉ាត់ បានថ្លែងថា «ក្រោមបរិយាកាសសុខសន្តិភាព ពេញផ្ទៃប្រទេសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និងប្រជាជនតាមរយៈ គោលនយោបាយឈ្នះៗ ដែលមកទល់ពេលនេះមានរយៈពេល ២៥ ឆ្នាំហើយ ចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ នាំមកនូវការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាលក្ខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម–សេដ្ឋកិច្ចជាតិទាំងមូល»។
លោកអនុប្រធានមន្ទីរបានគូសបញ្ជាក់ថា «ឈរលើមូលដ្ឋានដ៏រឹងមាំនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតខ្ពស់ ពោរពេញដោយ ថាមពល សមត្ថភាព ទេព្យកោសល្យ គុណធម៌ សីលធម៌ និង មនសិការស្នេហាជាតិ របស់ សម្តេចបមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម របស់ កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនា៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយមានការកែទម្រង់ដ៏មុតស្រួច បានកំណត់អាទិភាពជាគន្លឹះ ចំនួន ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ពិសេសផ្តោតលើ ”បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងសេដ្ឋកិច្ច–សង្គម ព្រមទាំងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០” ដោយតម្កល់ មនុស្ស ជាអាទិភាព នៅលើគេ។ គោលនយោបាយនេះ គឺជាអាទិភាព និងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ ទាំង អតីតកាល បច្ចុប្បន្ន ក៏ដូចជា អនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជាឆ្ពោះទៅរកភាពរីកចំរើន លើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ លោកបន្តថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ត្រង់មុំទី២ បានដាក់ចេញយ៉ាងច្បាស់ នោះគឺ៖ «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ នៅទូទាំងប្រទេស។ ក្នុងន័យនេះ ក្នុងនាមជាសេនាធិការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ខិតខំអនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ជាប្រមុខ»។
នាឳកាសនោះ លោក ប៉ែត សារ៉ាត់ បានបន្តថ្លែងថា តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក ឌួង វណ្ណៈប្រធានក្រុមការងារការដ្ឋានថែទាំ និងជាអនុប្រធានវគ្គ ស្តីពីគោលបំណងនៃវគ្គបណ្តុះបណ្តាល “បច្ចេកទេស ជួសជុល និងថែទាំផ្លូវថ្នល់” ក្នុងនាមលោកផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់ការសិក្សា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងមូលដ្ឋានគ្រឹះ បច្ចេកទេសក្នុងការងារជួសជុល និងថែទាំផ្លូវថ្នល់ ជាប្រចាំ ប្រកបដោយគុណភាព ប្រសិទ្ធផលខ្ពស់ ស្របតាមស្តង់ដាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាចូលរួមចំណែកឆ្លើយតបនឹងសេវាសាធារណៈ បានទាន់ពេលវេលា ប្រកបដោយទំនុកចិត្ត ជូនប្រជាពលរដ្ឋ។
ទន្ទឹមនោះ លោកអនុប្រធានបានបន្ថែមថា ដូច្នេះដើម្បីសម្រេចបានជោគជ័យ តាមការរំពឹងទុក លោកសូមរំឭកដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ រៀនសូត្រ ស្តាប់ កត់ត្រា និងអនុវត្តជាក់ស្តែង តាមការបង្ហាត់បង្រៀន របស់លោកគ្រូបង្គោល ជារៀមច្បងដែលមានបច្ចេកទេស និងបទពិសោធន៍លើការងារជួសជុល ថែទាំផ្លូវថ្នល់ជាយូរឆ្នាំមកហើយ៕