រដ្ឋមន្រ្តី ស សុខា រឹតបន្តឹងការស្នើសុំមន្រ្តីនគរបាលជាតិ យកទៅបម្រើការងារនៅអង្គភាពផ្សេងៗ និងការងារផ្ទាល់ខ្លួនសម្រាប់ថ្នាក់ដឹកនាំ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានចាប់ផ្ដើមរឹតបន្តឹងការស្នើសុំមន្រ្តីនគរបាលជាតិ យកទៅបម្រើការងារនៅអង្គភាពផ្សេងៗ និងការងារផ្ទាល់ខ្លួន សម្រាប់ថ្នាក់ដឹកនាំ។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

បើយោងតាមលិខិត ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានថ្នាក់ដឹកនាំ និងប្រធានអង្គភាពមួយចំនួន បានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅអង្គភាពដើម ពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ឲ្យមកបម្រើការងារក្នុងអង្គភាពរបស់ខ្លួន ឬមកជួយការងារផ្ទាល់ខ្លួន ជាអង្គរក្ស អ្នកបើកបរ ជំនួយការ នៅក្នុងឬក្រៅក្រសួងមហាផ្ទៃ ដែលធ្វើឲ្យអង្គភាពសាមីជួបភាពលំបាកក្នុងការគ្រប់គ្រងមន្ត្រីរបស់ខ្លួន។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ទាក់ទងនឹងករណីខាងលើនេះ ក្រសួងមហាផ្ទៃ ជម្រាបជូន ដូចខាងក្រោម៖

ទី១៖ រាល់ការយកមន្ត្រីនគរបាលពីអង្គភាពណាមួយ ទៅបម្រើការងារឲ្យអង្គភាពណាមួយផ្សេងទៀត ឬមកជួយការងារឲ្យថ្នាក់ដឹកនាំណាម្នាក់ នៅក្នុងនិងក្រៅក្រសួងមហាផ្ទៃ ត្រូវមានការឯកភាពពី
ប្រធានអង្គភាពសាមីជាមុន និងមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ទី២៖ ការស្នើសុំយកមន្ត្រីនគរបាលដូចមានចែងក្នុងចំណុច១ខាងលើ ត្រូវបានអនុញ្ញាតយ៉ាងច្រើន ក្នុងរយៈពេល១ឆ្នាំ ហើយត្រូវស្នើសុំជាថ្មីក្នុងករណីចាំបាច់ លើកលែងតែឥស្សរជនជាន់ខ្ពស់។

ទី៣៖ សាមីអង្គភាព ឬថ្នាក់ដឹកនាំដែលស្នើសុំយកមន្ត្រីនគរបាលមកបម្រើការងារ ត្រូវគ្រប់គ្រងមន្ត្រីនគរបាលនោះឲ្យបានល្អ។

ទី៤៖ ហាមជាដាច់ខាតការបញ្ជួន ឬការអនុញ្ញាតឲ្យមន្ដ្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឲ្យទៅបម្រើការងារនៅក្នុងវិស័យឯកជន ក្នុងម៉ោងរដ្ឋបាល។

ទី៥៖ អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាក់ទងនឹងការស្នើសុំយកមន្ត្រីទៅបម្រើការងារដូចបានបញ្ជាក់ជូនខាងលើ៕

ខាងក្រោមនេះ ជាលិខិតរបស់ឯកឧត្ដមរដ្ឋមន្ត្រី ស សុខា៖

អត្ថបទដែលជាប់ទាក់ទង