អភិបាលរងខេត្តសៀមរាប៣រូបត្រូវបានក្រសួងមហាផ្ទៃ ប្រកាសការចូលកាន់តំណែង និងផ្ទេរភារកិច្ច

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សំអឿន តំណាង ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសការចូលកាន់តំណែង អភិបាលរងខេត្តសៀមរាបចំនួន២រូប គឺ លោក ង៉ូវ សេងកាក់ និងលោក សំកុល សុចិត្រា។ ដោយឡែក លោក លី សារី ត្រូវបានប្រកាសផ្ទេរភារកិច្ច ពីអភិបាលរងខេត្តបន្ទាយមានជ័យ មកជាអភិបាលរងខេត្តសៀមរាបវិញ។

ក្នុងពិធីនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នាអាណត្តិកន្លងមក និងក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ ខេត្តសៀមរាប មានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់។

ឯកឧត្ដមបន្តថា ទន្ទឹមនេះ ការប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ច ដល់អភិបាលរងខេត្តសៀមរាបចំនួន៣រូបបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងគាំទ្រយ៉ាងពេញទំហឹង ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដែលបង្កើតបាននូវ កាលានុវត្តភាព ក្នុងការអភិវឌ្ឍ តាមបែបលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន បានលើកទឹកចិត្តដល់ លោកអភិបាលរងខេត្តទាំង៣រូប ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធ ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្តម ប្រាក់ សំអឿន ក៏បានណែនាំដល់ អាជ្ញាធរខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់ តាមដាន និងក្តាប់ឲ្យនូវសភាពការសន្តិសុខ តាមបណ្តាមូលដ្ឋាន សំដៅទប់ស្កាត់សកម្មភាពរបស់ក្រុមអគតិមួយចំនួន ដែលប៉ុនប៉ងបង្កអសន្តិសុខ ភាពវឹកវរ ចលាចល ក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាទុច្ទរិតនៅតាមបណ្តាញសង្គមនានា។

ឯកឧត្តមបានបញ្ជាក់ថា ការថែរក្សាបាននូវសន្តិភាព គឺនាំមកនូវការអភិវឌ្ឍ ដូច្នេះសន្តិភាពជាកត្តាគន្លឹះចម្បង ដែលត្រូវយកចិត្តទុកដាក់ ព្រោះបើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍ ហើយការរស់នៅប្រចាំថ្ងៃក៏គ្មានសេចក្តីសុខដែរ។

គួរបញ្ជាក់ថា លោក ង៉ូវ សេងកាក់ និងលោក សំកុល សុចិត្រា ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោកស្រី យូ សុភា ដែលបានផុតអាណត្តិ និង ឯកឧត្តម ឃឹម ហ្វីណង់ ដែលបានទៅទទួលភាកិច្ចថ្មីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយឡែក លោក លី សារី ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តសៀមរាប បន្ទាប់ពី ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង