ឯកឧត្ដម ហាក់ សុខមករា បញ្ជាឲ្យអាជ្ញាធរស្រុកអង្គស្នួលបង្ក្រាបទីតាំងល្បែងស៊ីសងដែលគ្មានច្បាប់ការអនុញ្ញាតឲ្យអស់ និងបញ្ជាឲ្យបិទជាបន្ទាន់ មិនត្រូវអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មីៗបន្តទៀតទេ
អភិបាលរងខេត្តកណ្ដាល ឯកឧត្តម ហាក់ សុខមករា នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំដេីម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋានក្នុងស្រុកអង្គស្នួល ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហាក់ សុខមករា បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចុះតាមមូលឃុំទាំង១០ នៃស្រុកអង្គស្នួលដើម្បីស្រង់ស្ថិតិទីតាំង និងប្រភេទ ល្បែងស៊ីសងឲ្យបានច្បាស់លាស់ និងបង្ក្រាបទីតាំងល្បែងស៊ីសងណាដែលគ្មានច្បាប់ការអនុញ្ញាតត្រឹមត្រូវឲ្យអស់ និងបិទជាបន្ទាន់មិនត្រូវអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មីៗបន្តទៀតនោះទេ។
ជាមួយនេះ ឯកឧត្តមបានបន្តថា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងល្បែងស៊ីសងនេះ បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការលេងល្បែងតាមអនឡាញ ព្រោះការលេងល្បែងនេះវាប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ខ្លាំងណាស់ បង្កឲ្យមានការប្រើប្រាស់អំពើហិង្សា និងធ្លាក់ខ្លួននៅក្នុងស្ថានភាពបំណុល បញ្ហាចោរកម្ម ប្លន់ លួចជាដើម ដែលនេះជាបញ្ហាប្រឈមរបស់អាជ្ញាធរមូលដ្ឋាន ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្យាយាមអប់រំ និងពន្យល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យលេងល្បែងតទៅទៀត បើទោះបីជាល្បែងទាំងអស់ នោះមានច្បាប់ក៏ដោយ។
ទន្ទឹមនោះ ឯកឧត្តមបានស្នើដល់អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវអនុវត្គគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឲ្យបាននូវបទល្មើសនានា ដោយមិនឱ្យមានបទល្មើសដូចជា៖ ចោរកម្ម គ្រឿងញៀន ក្មេងទំនើង ត្រូវគោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕