កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមក្មេងទំនើង៣០នាក់ ប្រមូលផ្តុំគ្នានៅតាមផ្លូវសាធារណៈ យកមកអប់រំ
បន្ទាយមានជ័យ៖ ក្រុមក្មេង ទំនើង៣០នាក់ មានស្រីមានប្រុស និងមានម៉ូតូ៥គ្រឿងបានប្រមូលផ្តុំគ្នានៅតាមផ្លូវទីសាធារណៈ ត្រូវបានអាវុធហត្ថឃាត់ខ្លួនយកមកអប់រំ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថ ខេត្ត លោកបានដាក់បទបញ្ជា យ៉ាងតឹងដល់អាវុធហត្ថទាំងអស់ ត្រូវចុះបង្ក្រាបឲ្យខានតែបានរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក្នុងនោះមានក្មេងទំនើងផងដែរ។
លោកបានចាត់ឲ្យលោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹក នាំកម្លាំង ចំនួន២០ នាក់ ចុះល្បាតនៅតាមភូមិសាស្រ្តក្រុងប៉ោយប៉ែត ស្រាប់តែបានប្រទះឃើញក្មេងទំនើង ៣០នាក់ មានប្រុសស្រីកំពុងផ្តុំគ្នាយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវជាតិនៅវេលាម៉ោង១យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅចំណុច ក្រោយ កាស៊ីណូ ពូលី ស្ថិតក្នុងភូ មិក្បាល ស្ពាន២។
កងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួនាំ ក្នុងនោះបានធ្វើតេសទឹកនោមរកសាធាតុញៀន ជាលទ្ធផលពុំមានសារធាតុញៀនទាំងអស់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា កម្លាំងបាន អប់រំណែនាំធ្វើកិច្ចសន្យាឲ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅលំនៅដ្ឋានវិញ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំងអស់គ្នា សូមរាយការណ៍រាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងក្នុងមូលដ្ឋាន ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀនជាដើម។
លោកបានផ្ញើសារដល់យុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រកុំប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន៕