រដ្ឋបាលស្រុកល្វាឯមទទួលស្គាល់ថា ពិតជាមានករណីលួចលាក់លេងល្បែងជល់មាន់ខុសច្បាប់ និងមានការប្រើអំពើហិង្សាលើគ្នាទៅវិញទៅមកមែន

កណ្តាល៖ បន្ទាប់ពីមានការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានក្នុង «បណ្តាញសង្គមហ្វេសប៊ុក» នូវវីដេអូពីការលួចលាក់លេងល្បែងជល់មាន់ និងការប្រើអំពើហិង្សាលើគ្នាទៅវិញទៅមករវាងអ្នកសារព័ត៌មាន ជាមួយអ្នកលួចលាក់លេងល្បែងជល់មាន់ នៅចំណុចចំការស្វាយ ក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម កាលពីវេលាម៉ោង១២៖១០នាទីរសៀល នៅថ្ងៃអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលស្រុកល្វាឯមបានទទួលស្គាល់ថា «ពិតជាមានការលួចលាក់លេងប្រាកដមែន និងពិតជាមានករណីប្រើហិង្សាទៅវិញទៅមករវាងអ្នកសារព័ត៌មាន ជាមួយអ្នកលេងល្បែងជល់មាន់ដូចក្នុងរូបភាព និងវីដេអូប្រាកដផងដែរ»។ នេះបើយោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកល្វាឯមនិងរបាយការណ៍អធិការដ្ឋាននគរបាលស្រុកល្វាឯមដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ។

រដ្ឋបាលស្រុកល្វាឯមទទួលទៀតថា «ចំពោះទីតាំងលេងល្បែងជល់មាន់ខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកល្វាឯម និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំថ្មគរធ្លាប់បានចុះបង្ក្រាបម្តងរួមមកហើយ ក្រោយមកទៀតទើបមានការលួចលាក់លេងដូចមានក្នុងវីដេអូដែលត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម»។

ទាក់ទិនករណីនេះ ក្រុមការងាររបស់រដ្ឋបាលស្រុកល្វាឯម បានធ្វើការសហការជាមួយស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកល្វាឯម និងមន្ទីរព័ត៌មានខេត្តកណ្តាលបាននឹងកំពុងបន្តពិនិត្យនិងស្រាវជ្រាវ ក្នុងការស្វែងរកមុខសញ្ញាពាក់ព័ន្ធបន្ថែមទៀត មកធ្វើការសាកសួរ និង បំភ្លឺជុំវិញករណីដែលបានកើតឡើងខាងលើ ដើម្បីអនុវត្តន៍វិធានការច្បាប់៕

អត្ថបទដែលជាប់ទាក់ទង