ក្រុមប៉ូលិសព៏ទ្ធចាប់ខ្មាន់កាំភ្លើងបាញ់ប្រហារ៦គ្រាប់ លើយុវជនមួយក្រុមនៅខណ្ឌដូនពេញបានហើយ

ភ្នំពេញ៖ ក្រុមប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនខ្មាន់កាំភ្លើងដែលបានធ្វើសកម្មភាពបាញ់ប្រហារចំនួន៦គ្រាប់ ទៅលើយុវជនមួយក្រុមបណ្ដាលឲ្យរងរបួសកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅខណ្ឌដូនពេញបានហើយ។

ការចាប់ខ្លួននេះ នៅម្ដុំផ្សារសាំហាន់ ស្ថិតក្នុងខណ្ឌឬស្សីកែវ នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់នៅទីតាំងបង្ក្រាប។

ប្រភពបន្តថា ពេលកម្លាំងនគរបាលជំនាញឡោមព័ទ្ធចាប់ខ្លួន ខ្មាន់កាំភ្លើងម្នាក់នេះមិនព្រមប្រគល់ខ្លួននោះឡើយ ពោលបានបាញ់មកលើសមត្ថកិច្ចថែមទៀតផង ទើបធ្វើឲ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធប៉ុន្មានគ្រាប់ដើម្បីចាប់ខ្លួនជនដៃដល់។ សម្រាប់អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើង និងដើមចមនៃហេតុការណ៍បាញ់រះយប់មិញនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើងទេ ដោយសារកំពុងបញ្ជូនខ្លួនជនដៃដល់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែឧសភានេះ មានហេតុការណ៍បាញ់រះមួយនៅផ្លូវលេខ៧០ ស្ដុបR៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានបណ្ដាលឲ្យជនយុវជនម្នាក់រងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ខណៈខ្មាន់កាំភ្លើងបើករថយន្ដគេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង