អតីតចាងហ្វាង២នាក់ត្រូវបានសាលាដំបូងខេត្តកណ្តាលចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

កណ្តាល៖ អតីតចាងហ្វាងសារព័ត៌មានចំនួន២នាក់ត្រូវបានសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ក្រោយប្រើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនារវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានជូនព័ត៌មានបន្ថែមពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) ប្រើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា រវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ ដែលកើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២៖១០នាទី ស្ថិតនៅចំណុច ចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ចំពោះករណីខាងលើនេះកាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានអនុវត្តច្បាប់ទៅលើអ្នកបើកល្បែងស៊ីសងខុសច្បាប់។ មកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញយើងបានស្រាវជ្រាវអនុវត្តច្បាប់ ទៅលើជនសង្ស័យដែលជាអតីតអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានដែលបានប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះចំនួន០២នាក់។

ជនសង្ស័យចំនួន៦នាក់ប៉ុន្តែបានឃាត់ខ្លួន០២នាក់៖ ១-ឈ្មោះ ជាវ គីមលាង អតីតចាងហ្វាងគេហទំព័រ គ្រុឌ០១ បានឃាត់ខ្លួន និង២-ឈ្មោះ ទុយ រិទ្ធី អតីតចាងហ្វាងគេហទំព័រ ខេភីញូ បានឃាត់ខ្លួន។ ៣-ឈ្មោះម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 បានគេចខ្លួន។ ៤-ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ បានគេចខ្លួន។ ៥-ឈ្មោះ ឃឹម យ៉ុន  គេហទំព័រ ស្លាបប៉ាការ បានគេចខ្លួន។ ៦-ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរបានគេចខ្លួន។

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវទៅលើករណីកំហែងយកប្រាក់ ដែលមានការទារប្រាក់ពីក្រុមអ្នកបើកល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាអ្នកលេងល្បែងផងដែរ យកមកចាត់ការតាមនីតិវិធី។

គួរជម្រាបថា ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន២ ក្រោយប្រព្រឹត្តកំហុសខាងសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន។ អង្គភាពសារព័ត៌មានដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះ ទី១៖ គេហទំព័រ www.khmerpostnews.com  និងទី២៖ គេហទំព័រ www.kruth01.com។

គួររំលឹកថា អង្គភាពសារព័ត៌មានទាំងពីរខាងលើនេះ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងកំហែងយកប្រាក់នៅទីតាំងល្បែងជល់មាន់មួយកន្លែង នៅស្រុកល្វាឯម ខេត្តកណ្ដាល។ ខណៈទីតាំងនេះ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប៕

អត្ថបទដែលជាប់ទាក់ទង