រ៉ូស ក្លាយជាមនុស្សដំបូងគេក្នុងរង្វង់អ្នកសិល្បៈ និយាយទៅកាន់មហាជន ដើម្បី អឿន ម៉ូលីកា

តារាសម្ដែង រ៉ូស ដែលធ្លាប់រងការរិះគន់ខ្លាំងៗពីមហាជនលើការនិយាយស្ដី និងថតបង្ហាញដើមទ្រូងហួសហេតុយកទៅបង្ហោះលើបណ្ដាញសង្គមនាំឲ្យប៉ះពាល់ដល់តម្លៃនារីខ្មែរនោះ បានក្លាយជាតារាស្រីខ្មែរដំបូងគេ ពោលពាក្យអាណិតអតីតតារាចម្រៀងស្រី អឿន ម៉ូលីកា ដែលទើបធ្លាក់ខ្លួនជំពាក់បំណុលគេ រហូតមានក្ដីក្ដាំជាប់ពន្ធនាគារ។

មេតុងទីន អឿន ម៉ូលីកា ដែលគេស្គាល់ច្បាស់ថាជាអតីតតារាចម្រៀងប្រចាំផលិតកម្មរ៉ុក ហើយធ្លាប់ដៀលអ្នកនាង សឿ សុធារ៉ា ថាជាមនុស្សឆ្ងួតគេលែងប្រកាន់ហើយនោះ ត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមបទចោទចំនួនពីរ ក្នុងនោះក៏មានបទរំលោភលើសេចក្ដីទុកចិត្ដ ឬចេញសេកស្អុយនូវទឹកប្រាក់ ៣៦៥,០០០ ដុល្លារ។

បន្ទាប់ពីឃើញអ្នកចម្រៀង និងជាមេតុងទីន អឿន ម៉ូលីកា ធ្លាក់ខ្លួនដល់ចំណុចសូន្យបែបនេះ កញ្ញា រ៉ូស ដែលធ្លាប់មានវិបត្ដិផ្លូវចិត្ដរហូតដល់ចង់សម្លាប់ខ្លួនឯង ក៏ចាប់ផ្ដើមចេញមុខឈឺឆ្អាលកុំឲ្យមហាជនជាន់ពន្លិចបន្ថែម ហើយក៏សុំចិត្ដកូនតុងទីន ដែលជាម្ចាស់បំណុលទាំងឡាយថា បើម៉ូលីកា ទទួលផលបាប ឬជាប់ទោសដោយអំពើខុសឆ្គងរបស់ខ្លួនហើយ អាណិតកុំlive ជេរបន្ថែមទៀត ព្រោះអាណិតកូន។

កញ្ញា រ៉ូស៖ “ខ្ញុំមិនជាប់សាច់ឈាម ឬសាច់ញាតិអីជាមួយMolika ទេ តែបើគាត់ធ្វើខុសដាក់ពាក្យបណ្តឹងគាត់ទៅប្រទេសមានច្បាប់ ហើយបើគាត់ជាប់គុកសមតាមបំណងអ្នកហើយចាំបាច់អីឡាយបរិហាកេរ្ដិ៍គាត់ធ្វើអី? អាណិតដល់កូនស្រីគាត់ផងដែលគ្នាមិនដឹងអី យំរកម្តាយ ពេលអ្នកឯងមានកូនស្រីទើបយល់”។

មិនបានស្នើសុំអ្វីច្រើនទៀត កញ្ញារ៉ូស គ្រាន់តែចង់ឃើញផល នៃអំពើដែលអ្នកនាង អឿន ម៉ូលីកា បានបង្កើតឡើងត្រូវបញ្ចប់ត្រឹមនេះ ហើយសុំឲ្យមនុស្សគ្រប់គ្នាគិតពីអារម្មណ៍កូនស្រីតូចរបស់ អឿន ម៉ូលីកា ដែលគ្នានៅតូចមិនដឹងអីសោះ ត្រូវរងភាពអាមាស់ដោយសារម្ដាយ។ រ៉ូស ថាម៉ូលីកា បានធ្លាក់ដល់ចំណុចនេះហើយ គួរលើកទឹកចិត្ដនាងឡើងវិញ ព្រោះត្រូវគិតថាកម្មពៀរអ្នកណាសាង អ្នកនោះទទួល៕

អត្ថបទដែលជាប់ទាក់ទង