មន្ត្រី​ជំនាញ​ជលផលខេត្តកំពង់ចាមបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹម

កំពង់ចាម​៖​ ដេីម្បីចូលរួមទប់ស្កាត់​ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់​នៅតាមព្រែក​ បឹង​ និងទន្លេ​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះ​បង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅក្នុងស្រុកជេីងព្រៃ ដូចភ្លៀងរលឹម កាលពី​ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៤នេះ​ ។

បេីតាមលោក​ លី​ ស្រ៊ី នាយខណ្ឌស្តីទី​ជលផលកំពង់ចាម​ បានឲ្យដឹងថា​ ជាលទ្ធផល​ ប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ​ ក្រុមការងារ​បានរុះរើកាប់បំផ្លាញចោលវត្ថុតាង​នៅចំណុចទំនប់តំបន់បាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ឧបករណ៍ដែលបំផ្លាញចោល​រួមមាន៖​ លូស្បៃមុងចំនួន ១៦មាត់, របាំងស្បៃមុងប្រវែង ១៦៨ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៤៨ដើម និង​ចាក់លែង​កូនត្រីចម្រុះមួយចំនួនផងដែរ។

លោកនាយខណ្ឌ​ស្តីទី​ជលផល​កំពង់ចាម បានបន្តចុះអប់រំផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទឈប់នេសាទ​នៅតំបន់​ កុំ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​ និង​ស្នេីសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចូលរួមសហការ​រាយការណ៍ ​និង​បង្ក្រាប​ អ្វីដែល​មន្ត្រី​ជំនាញ​ស្នេីសុំទៀតនោះ​ គឺ​សូម​ឲ្យបងប្អូន​ប្រជាពលរដ្ឋ ​ចូលរួមសហការទប់ស្កាត់​ការនេសាទខុសច្បាប់​ ដេីម្បីរក្សាពូជត្រីបានច្រេីន​៕

អត្ថបទដែលជាប់ទាក់ទង