លោកជំទាវអភិបាលក្រុងឡូសអែនជែលលេស បង្ហាញចំណាប់អារម្មណ៍ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ឡូសអែនជែលលេស៖ កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរទាំងផ្នែករដ្ឋ និងវិស័យឯកជន ចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកជំទាវ Karen Bass អភិបាលក្រុងឡូសអែនជែលលេស នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

ជាមួយនឹងការទទួលស្វាគមន៍រាក់ទាក់ពីសំណាក់ លោកជំទាវអភិបាលក្រុង និងសហការី ធ្វើឱ្យជំនួបនាឱកាសនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាសរីករាយ និងស្និទ្ធស្នាល។ ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះកិច្ចស្វាគមន៍មួយនេះ និងបានចូលរួមអបអរសាទរទុកជាមុនចំពោះ ទីក្រុងឡូសអែនជែលលេស ដែលទទួលបានសិទ្ធិជាម្ចាស់ផ្ទះ ក្នុងការរៀបចំមហាព្រឹត្តិការណ៍កីឡាធំៗចំនួន២ គឺ ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ (The FIFA World Cup 2026) និងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ (2028 Summer Olympics)។

ថ្លែងនៅក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់លើសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ជាមួយនឹងសមត្ថភាពភាសាបរទេសមានកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីបរិយាកាសវិនិយោគរបស់កម្ពុជា ដែលមានលក្ខណៈបើកចំហរ និងមានអំណោយផលខ្ពស់ជាងគេក្នុងតំបន់អាស៊ាន សម្រាប់វិនិយោគិនបរទេស ដែលនេះគឺជាការទទួលស្គាល់ពីសំណាក់ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយ។

តាមរយៈប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានលើកឡើងខាងលើ លោកជំទាវអភិបាលក្រុង បានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើការខិតខំរបស់កម្ពុជាក្នុងការអភិវឌ្ឍខ្លួនឱ្យដើរទាន់បរិបទសង្គមជាសកល។ លោកជំទាវអភិបាលក្រុង ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា សំដៅរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅអំពីតថភាពសង្គម និងបរិយាកាសសេដ្ឋកិច្ចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង