ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ២០រូប ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។

ដំណើរទស្សនកិច្ចផ្លូវការនេះ រួមមានសកម្មភាពសំខាន់ៗដូចខាងក្រោម៖

១៖ ពិធីបើកវគ្គបណ្តុះបណ្តាល “Short-term Training Program for Cambodia Mediators” ដែលត្រូវបានសហការរៀបចំដោយក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ និង Korean Commercial Arbitration Board (KCAB)។ វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីសម្រាប់មន្ត្រីសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅតុលាការ (អ.ដ.ក.) ចំនួន ១៥ រូប ត្រូវបានរៀបចំឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ច, យន្តការសន្ធានកម្ម, បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងយន្តការនៃការអនុវត្តផ្ទាល់របស់ភ្នាក់ងារសន្ធានកម្មមូលដ្ឋាននៅសាធារណរដ្ឋកូរ៉េ។

២៖ ទស្សនកិច្ចផ្លូវការទៅកាន់ “Seoul Court Mediation Center” ដោយក្នុងនោះ រួមមានការចូលសង្កេតការណ៍សវនាការពាក់ព័ន្ធនឹងសំណុំរឿងរដ្ឋប្បវេណី និងការជួបពិភាក្សាជាមួយចៅក្រមទទួលបន្ទុកមជ្ឈមណ្ឌលសម្រុះសម្រួលវិវាទនៃតុលាការតំបន់ ទីក្រុងសេអ៊ូល (Seoul Central District Court Mediation Center)។

៣៖ ជំនួបពិភាក្សាការងារជាមួយតំណាងអគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌអន្តរជាតិ នៃក្រសួងយុត្តិធម៌កូរ៉េ ពាក់ព័ន្ធនឹងការអនុវត្តសំណើសុំការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, បត្យាប័ន និងការផ្ទេរទណ្ឌិត រវាងអាជ្ញាធរកណ្តាលនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ តំណាងក្រសួងទាំងពីរក៏បានបង្ហាញអំពីឆន្ទះក្នុងការបន្តកិច្ចសហប្រតិបត្តិការនាពេលអនាគត លើការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធនឹងវិស័យព្រហ្មទណ្ឌអន្តរជាតិ។ 

៤៖ ជំនួបពិភាក្សាការងារជាមួយលោក CHUNG Hong-Sik អនុរដ្ឋមន្រ្តី នៃក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងរឹតបណ្ដឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នារវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា នាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង