ឯកឧត្តម ហួត ហាក់ ថ្លែងសុន្ទរកថាក្នុងពិធីបើក ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
ទីក្រុងគួយលីន៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ សិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងប្រតិបត្តិករទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០ ក្រោមប្រធានបទ “សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍៖ រួមគ្នាកសាងខ្សែក្រវ៉ាត់ និងផ្លូវ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ពិព័រណ៍ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី ថ្នាក់ដឹកនាំទីក្រុងគួយលីង និងគណៈកម្មការរៀបចំពិព័រណ៍។
ក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់ នៃការចូលរួមព្រឹត្តិការណ៍នេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាន និង ចិន និងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី “មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង” ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពចំនួន៦រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពនិងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលឆ្នាំ២០២៤ គឺជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន”។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ សភាពការណ៍ពិតនៅកម្ពុជា ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងបានអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយ កៀរគរទេសចរ និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកម្ពុជា ដោយក្រសួងទេសចរណ៍ នឹងផ្តល់ការសម្របសម្រួល ឱ្យអស់ពីលទ្ធភាព៕