មេPMខេត្តកណ្ដាលបញ្ជាឲ្យបង្ក្រាបចោរនិន្ទចារឡើងកាត់ចម្រឹងបង្អួចលួចទូរសព្ទ័នៅក្រុងតាខ្មៅបានហើយ!

កណ្ដាល៖ ដោយអនុវត្តលើភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៍តាមទិសស្លោករបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។

លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលបានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជយ័ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺដឹកនាំដោយស្នងការស្នងការដ្ឋានស្រាវជ្រាវបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល  រាជធានីភ្នំពេញ និងខេត្តបន្ទាយមានជយ័ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ ជាក់ស្តែងនៅវេលាម៉ោង២៖៥២នាទី ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស ដោយកាត់ចម្រឹងបង្អួចលួចទូរសព្ទ័ នៅផ្ទះជនរងគ្រោះ ឈ្មោះ រដ្ឋា ភេទស្រី អាយុ ៣១ឆ្នាំ ខ្មែរ មុខរបរលក់ទូរសព្ទ័ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កកណ្តាល។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលបានឲ្យដឹងថា ករណីនេះធ្វើសកម្មភាពលួចដោយជនសង្សយ័ចំនួន០១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួចគេចខ្លួន។ចំពោះសម្ភារៈបាត់បង់មាន៖ ទូរសព្ទ័ចំនួន ៧៥គ្រឿង ម៉ាក (IPHON12 IPHON13 IPHON15 SAMSUNG)។ ចំពោះវត្ថុតាងចាប់យកនៅកន្លែងកើតហេតុមាន៖ កន្ត្រៃកាត់ដែកដងរុំស្កុតពណ៌ខ្មៅចំនួន០១ និងដែកទីបដងជរ័ពណ៏ខ្មៅ ចំនួន០២ដើម និងស្កុតខ្មៅ០១ដុំ ស្រោមមុខពណ៌ខ្មៅចំនួន០១។

ប្រភពបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថក្រុងតាខ្មៅ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលដឹកនាំចុះផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំបទពិសោធន៍របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់ទើបយើងកំណត់បានមុខសញ្ញាម្នាក់ប្រើប្រាស់ទូរសព្ទ័ដែលជនរងគ្រោះបាត់ ។

នៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យបានអញ្ជើញអ្នកប្រើប្រាស់ទូរសព្ទ័ម្នាក់ឈ្មោះ ម៉ូ ភេទស្រី មកសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឈ្មោះ ម៉ូ ឆ្លើយថា គាត់ទិញទូរសព្ទ័ពីហាងលក់ទូរសព្ទ័ឈ្មោះ សិទ្ធ នៅផ្សារត្រី ក្រុងប៉ោយប៉ែត។ ជំនាញកងរាជអាវុធហត្ថក៏អញ្ជើញឈ្មោះ សិទ្ធ មកសាកសួរឆ្លើយថា គាត់ទិញពីហាងលក់ទូរសព្ទ័នៅផ្សារអគ្គក្រុងប៉ោយប៉ែត យកមកលក់បន្តឲ្យឈ្មោះ ម៉ូ ។ ជំនាញកងរាជអាវុធហត្ថក៏អញ្ជើញឈ្មោះ ហុង មកសាកសួរឆ្លើយថាគាត់ទិញពីហាងលក់ទូរសព្ទ័ឈ្មោះ E W នៅរាជធានីភ្នំពេញ ម៉ាក IPHONE 15 ចំនួន ០៣គ្រឿងមកលក់ឲ្យឈ្មោះ សិទ្ធ ចំនួន ០១គ្រឿង និង ០២គ្រឿងទៀតលក់ឲ្យភ្ញៀវ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំភ្លឺម្ចាស់ហាងលក់ទូរសព្ទ័ E W នៅចំណុចផ្សារឃ្លាំងរំសេវថ្មី ម្ចាស់ហាងឆ្លើយថា បានយកទូរសព្ទ័ចំនួន ០៣គ្រឿងម៉ាក IPhone 15 ពីហាងលក់ទូរសព្ទ័ឈ្មោះ សស ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញម្ចាស់ហាងឈ្មោះ សស មកសាកសួរ ឆ្លើយថាពិតជាបានលក់ទូរសព្ទ័ម៉ាក IPhone 15 ចំនួន ០៣គ្រឿងឲ្យទៅហាងលក់ទូរសព្ទ័ ឈ្មោះ E W ពិតប្រាកដមែន ហើយទូរសព្ទ័ ០៣គ្រឿងនេះ និងទូរសព្ទ័ម៉ាក IPhone ចំនួន២២គ្រឿងទៀតខ្លួនទិញពីឈ្មោះ ម ភេទប្រុស អ្នកលក់ទូរសព្ទ័នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ កម្លាំងជំនាញយើងបានអញ្ជើញឈ្មោះ ម មកសាកសួរ ឆ្លើយថាខ្លួនបានទិញទូរសព្ទ័ចំនួន ៤៥គ្រឿង មានម៉ាក IPhone ១២ IPhone ១៣ IPhone ១៥ ពីឈ្មោះ ពៅ ស៊ីមហ៊ុល (ជនសង្ស័យ) ភេទប្រុស មានទីលំនៅភូមកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ហើយខ្លួនពិតជាបានលក់ទៅឲ្យ ឈ្មោះ សស ចំនួន ២៥គ្រឿង, ឈ្មោះ ឡ ភេទប្រុស មុខរបរលក់ទូរស័ព្ទ នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវចំនួន ១៥គ្រឿង និងខ្លះទៀតលក់ឲ្យអ្នកផ្សេងយកទៅប្រើប្រាស់ ។

តាមចម្លើយពីអ្នកពាក់ពន្ធ័ខាងលើ នៅវេលាម៉ោង៧៖៥៥នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងយើងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ពៅ ស៊ីមហ៊ុល ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ចាប់យកវត្ថុតាង រថយន្តចំនួន ០១គ្រឿង ម៉ាក LEXUS RX ៣៣០ ឆ្នាំ២០០៤ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ ២AW ៤៦៤៤ ,ទូរសព្ទ័ចំនួន ០១គ្រឿង ម៉ាក TECNO ពណ៌ប្រផេះ (របស់ជនសង្សយ័)។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័ឈ្មោះ ពៅ ស៊ីមហ៊ុល បានសារភាពថា កន្លងមករូបគេធ្លាប់រត់ម៉ូតូឌុបនៅក្រុងតាខ្មៅ និងរាជធានីភ្នំពេញ ទើបរូបគេស្គាល់ភូមិសាស្ត្រ និងទីតាំងត្រូវចូលលួចច្បាស់ ហើយធ្វើសកម្មភាពលួចទូរសព្ទ័តាមហាងចំនួន ០៣លើក គឺ៖

*លើកទី១ ឆ្នាំ២០២១ លួចនៅខណ្ឌកំបូល បានទូរសព្ទ័ប្រហែល ៦០គ្រឿង។

*លើកទី២ ឆ្នាំ២០២៣ លួចនៅខណ្ឌដង្កោ បានទូរសព្ទ័ប្រហែល ៤០គ្រឿង។

*និងលើកចុងក្រោយលួចនៅក្រុងតាខ្មៅ បានទូរសព្ទ័ជាង ៧៥គ្រឿង ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ចាប់ខ្លួនតែម្តង។

ចំពោះទូរសព្ទ័ដែលខ្លួនលួចបានគឺទុកប្រើ ០៣គ្រឿងម៉ាក Samsung ហើយចាញ់ល្បែងក៏លក់ឲ្យអ្នកលេងល្បែងដូចគ្នា ០៦គ្រឿង សល់ប៉ុន្មានគ្រឿងទៀតទៀតលក់ឲ្យអ្នកលក់ទូរសព្ទ័នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ប្រាក់ដែលបានពីលក់ទូរសព្ទ័ទាំងអស់ ខ្លួនចាយវាយនិងលេងល្បែងចាញ់អស់ហើយ។ ទូរសព្ទ័របស់ជនរងគ្រោះ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានមួយចំនួន បានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្សយ័និងវត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។

លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល សូមអំពាវនាវដល់អាជីវក ទិញ-លក់ទូរសព្ទ័ទាំងអស់សូមមេត្តាទុកដាក់ឲ្យមានសុវត្ថិភាព បំពាក់កាម៉េរ៉ាសុវត្ថិភាពឲ្យបានច្រើន ទូរសព្ទ័ត្រូវកត់ត្រាលេខកូដទាំងអស់ រាល់ការទិញ-លក់ ត្រូវមានវិក្កយបត្រត្រឹមត្រូវច្បាស់លាស់ ងាយស្រួលសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវនៅពេលមានបទល្មើសកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង