ឯកឧត្ដម​ គួច​ ចំរើន៖ ស្រុកស្អាងមានអ្នកស្លាប់ដោយសារលង់ទឹកចំនួន ៥នាក់ ច្រើនជាងគេបង្អស់ទូទាំង ១៣ក្រុង-ស្រុក ក្នុងខេត្តកណ្ដាល


កណ្ដាល៖ អភិបាលខេត្ត​កណ្ដាលបានបញ្ជាក់ថា «ក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះ​ ឯកឧត្តម បានដើរចូលបុណ្យ​ និងចាត់តំណាងចូលបុណ្យសព​ ដោយលង់ទឹក​ ចំនួន​ ១០​ សព រួចមកហេីយ។ ហើយស្រុកស្អាង មានអ្នកស្លាប់ដោយសារលង់ទឹកចំនួន ៥នាក់ ច្រើនជាងគេបង្អស់ទូទាំង ១៣ក្រុង-ស្រុក ក្នុងខេត្តកណ្ដាល»។

ការបញ្ជាក់របស់ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល​ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ក្នុងការអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចូលរួមរំលែកទុក្ខគ្រួសារសពយុវជនម្នាក់ ដែលបានលង់ទឹកស្លាប់ក្នុងទន្លេបាសាក់ ស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្ដាល។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានករណីយុវជនហាត់សមទូកនៅទន្លេបាសាក់ ក្នុងឃុំកោះខែល ស្រុកស្អាង បានហាត់សមទូក ក្រោយពេលហាត់សមបានបន្តិចទូកក៏បានលិចនៅក្នុងទន្លេ បណ្ដាលឱ្យយុវជន១រូប ឈ្មោះ ជូរី ឌីតា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាសិស្ស នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល បានបាត់ខ្លួន ហើយសពត្រូវបានរកឃើញ នៅព្រឹកថ្ងៃទី៥ ខែតុលានេះ។

ស្ថិតក្នុងសមានទុក្ខដ៏សែនសោកសោកសង្រែកយ៉ាងក្រៃលែង ឯកឧត្ដមអភិបាលខេត្តកណ្ដាល និងប្រតិភូ សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយ ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ជូរី ឌីតា សូមបានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមបានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាល មិនត្រូវមានការធ្វើប្រហែស ជាមួយកូនៗរបស់យើងឡើយ ព្រោះក្នុងរដូវទឹកឡើងនេះ បើទោះជាកូនៗរបស់យើងចេះហែលទឹកក៏ដោយ ក៏អាចបណ្ដាលឱ្យមានគ្រោះថ្នាក់បានដែរ ដូច្នេះសូមមាតាបិតា ឬអាណាព្យាបាលទាំងអស់ ត្រូវហាមកូនៗរបស់យើង កុំឱ្យនៅក្បែរទឹក ឬចុះលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់បានក្នុងមួយប្រព្រិចភ្នែក។ មហន្តរាយនេះ​ គឺកេីតឡេីងតែមួយពព្រិចភ្នែកប៉ុណ្ណោះ​ ដូច្នេះ​ សូមលោកឳពុក​ អ្នកម្ដាយ​ អណាព្យាបាល​ សូមមេត្តា​ បង្កេីនការយកចិត្តទុកដាក់​ អប់រំណែនាំ​ ហាមប្រាមកូនចៅ​ កុំអោយលេងទឹកជ្រៅ​ ឬមានលំហូខ្លាំង​ ព្រោះបង្កគ្រោះថ្នាក់លឿនណាស់​ ច្រេីនណាស់​។

បន្ទាប់ពីចូលរួមបុណ្យសពយុវជនលង់ទឹករួចមក ឯកឧត្តមអភិបាលខេត្ត និងប្រតិភូបន្តគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះគ្រូឥន្ទជោត្តោ ប៉ែន ជា ព្រះចៅអធិការវត្តពោធិរាម្មា ក្នុងសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលបានទទួល អនិច្ចធម្ម នៅថ្ងៃសុក្រ២កើត ខែអស្សុជ ផ្ទាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង