Breaking News: សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានឲ្យដឹងតាមទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃនេះថា «ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត (ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែមុខទៅខាងណាផង។ ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ»។
សម្ដេចតេជោបន្តថា មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េតឲ្យសងលុទៅ មួង ឃីម ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯមថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរីយក្សត្រ។
សម្ដេចបញ្ជាក់ទៀតថា ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជានាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិងតំឡើងស័កមន្ត្រីរាប់មុឺននាក់ទាំងសុីវឹលនិងកងកម្លាំងប្រដាប់អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។
សម្ដេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។ ដើម្បីជំរះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ៖
១៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បី
ទុកសងដល់អ្នកចាញ់បោកលី សាម៉េត។
២៖ អ្នកចាញ់បោកលី សាម៉េតទាំងអស់ ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ កាន់មេធាវីសម្តេចតេជោ។
៣៖ ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤៖ ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕