អភិបាលខេត្តកណ្តាលណែនាំកីឡាករចំណុះទូកទាំងអស់ គោរព វិន័យឲ្យបានមុឺងម៉ាត់ នៅពេលប្រកួត

កណ្ដាល៖ ឯកឧត្តម គួច ចំរើន បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំចំពោះចំណុះទូក ដូច្នេះ ខណៈជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្រុងតាខ្មៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់។

ការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលក្នុងពិធីជួបសំណេះសំណាលនេះធ្វើឡើង នៅមុខសួនច្បារក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។

ឯកឧត្តមអភិបាលខេត្តបានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួម បានញាំងឲ្យការរៀបចំពិធីនេះ មានភាពអធីកអធមក្រៃលែង។
ឯកឧត្តម អភិបាលខេត្ត បន្តថា៖ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែ នាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព ប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សា នូវប្រពៃណី ទំនៀមទម្លាប់ របស់បុព្វបុរស យើងមានតាំងពីយូរយា មកហើយ។

ឯកឧត្តមសង្កត់ធ្ងន់ថា ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។

គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក។

ទូកចូលរួមប្រណាំងទាំងអស់គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់។

ឯកឧត្តម អភិបាលខេត្តកណ្តាល បានឧបត្ថម្ភអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បណ្តាទូក ដែលបានចូលរួមប្រណាំងផងដែរ។

គួរជម្រាបជូនថា រដ្ឋបាលខេត្តកណ្តាលបានប្រារព្ធពិធី ក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាស ព្រឹត្តិការណ៍ ប្រណាំងទូក ក្រុងតាខ្មៅ នាព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។ ពិធីដ៏អធិកអធមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា កណ្ដាល និងលោកជំទាវ ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្ត កណ្តាលនិងលោកជំទាវ។

ពិធីក្រុងពាលីនេះ ធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ក្នុងនោះ មានពិធីថ្វាយគ្រឿងសក្ការៈ ប្រកាសបួងសួង ចំពោះបារមីវត្ថុសាកសិទ្ធ បូជាព្រះភូមិម្ចាស់ទឹកម្ចាស់ដី និងថ្វាយគ្រឿងសក្ការៈ ចំពោះស្តេចក្រុងពាលី ដើម្បីសុំសេចក្តីសុខ ក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅឆ្នាំនេះ មានរយៈពេល ២គឺចាប់ពីថ្ងៃទី១៧-១៨តុលា ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ អោយប្រព្រឹត្តទៅ ប្រកបដោយ ភាពសុខសាន្ត។

គួរជម្រាបដែរថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋដែលអញ្ជើញចូលរួមកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ រដ្ឋបាលខេត្តកណ្តាលបានរៀបចំនូវបង្គន់ចល័តសាធារណៈដែលស្អាត និងមានអនាម័យជាច្រើនទីតាំងនៅបរិវេណប្រារព្ធពិធី ដែលពលរដ្ឋទូទៅអាចប្រើប្រាស់បានដោយមិនគិតប្រាក់។ «យើងរួមគ្នាថែរក្សាអនាម័យ និងបរិស្ថាន ដើម្បីផ្ទះ និងប្រទេសយើងស្អាត»។

សូមបញ្ជាក់ថា ស្ថិតក្នុងបរិយាកាសរីករាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ  គឺជាថ្ងៃទី១ ការប្រណាំងទូក ក្រុងតាខ្មៅ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នៅតាមដងផ្លូវ គេសង្កេតឃើញ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ស្លៀកពាក់ចំរុះពណ៌ បានចូលរួមទស្សនាយ៉ាងច្រើនកុះករ ដោយមានទឹកមុខសប្បាយ ប្រកបដោយ មោទនភាព ចំពោះការរីកចំរើន គ្រប់វិសយ័ របស់ខេត្តកណ្តាល។

ក្នុងពិធីប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ រដ្ឋបាលខេត្តបានជ្រើសរើសទូក ចូលរួមប្រណាំង សរុបចំនួន៦៦ទូក ក្នុងនោះមានទូកអុំចំនួន៣០ទូក,ទូកចែវមានចំនួន០៦ទូក និងទូកខ្នាតអន្តរជាតិចំនួន ២៧ទូក សរុបកម្លាំងចំណុះទូកចំនួន៣.៩៩៤នាក់៕

 

អត្ថបទដែលជាប់ទាក់ទង