លោកស្នងការ សិទ្ធិ ឡោះ បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ធានាឲ្យបាននូវការការពារ សន្តិសុខ រក្សាសុវត្ថិភាពជូន ភ្ញៀវជាតិ អន្តរជាតិប្រកបដោយប្រសិទ្ធភាព
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវមានភារកិច្ចធ្វើយ៉ាងណាត្រូវធានាឲ្យបាននូវការពារ សន្តិសុខ រក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញមកចូលរួមប្រកបដោយប្រសិទ្ធភាព។
ការដាក់ផែនការយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខ។
លោកស្នងការបន្តថា ក្រៅពីនេះកម្លាំងនគរបាលចរាចរណ៍ ត្រូវរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនក្បួនរថយន្តថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ មន្ត្រីរាជការ ប្រជាពលរដ្ឋឲ្យបានល្អ និងកុំឲ្យមានការកកស្ទះដល់ដំណើរការប្រារព្ធពិធី។
គួរជម្រាបថា កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤៕