ដើម្បីផ្គាប់ចិត្តថៅកែរោងចក្រ១កន្លែង អាជ្ញាធរពាក់ព័ន្ធក្រុងសួងសម្រេចដកបារាសការពារផ្លូវទៅដាក់កន្លែងផ្សេង

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋបានឲ្យដឹងថា បារាសការពារផ្លូវ១កន្លែង ស្ថិតនៅភូមិប្រស្រែលើ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរពាក់ព័ន្ធដែលរួមមានអាជ្ញាធរក្រុង និងមន្ទីអភិវឌ្ឍន៍ជនបទបានសម្រេចដកពីកន្លែងចាស់ នៅដើមផ្លូវ ថយទៅដាក់កន្លែងថ្មីចម្ងាយប្រមាណ៣០០ម៉ែត្រ ដើម្បីផ្គាប់ចិត្តថៅកែរោងចក្រកែឆ្នៃដំឡូងមីមួយកន្លែង ពោលគឺងាយស្រួលឲ្យរថយន្តធំៗដឹកដំឡូងចេញចូលរោងចក្រមួយនេះមានភាពងាយស្រួលបើទោះបីប្រជាជនភាគច្រើននៅក្នុងសហគមន៍នៃភូមិប្រស្រែលើមិនគាំទ្រក៏ដោយ។

លោក សរ គួន ប្រធានភូមិប្រស្រែលើមានប្រសាសន៍ឳ្យដឹងថា ការដកបារាសការពារផ្លូវដាក់ថយចូលមកក្នុងបែបនេះគឺដើម្បីឲ្យរថយន្តធំៗដឹកដំឡូងចេញ-ចូលបានស្រួល ដែលប្រការនេះគឺប្រជាជនភាគច្រើនមិនគាំទ្រនោះទេ ។ លោកមេភូមិថា ការដកបារាសការពារផ្លូវនេះគឺខាងអាជ្ញាធរសង្កាត់,ក្រុង,មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានពិភាក្សាគ្នាសម្រេចដក ដោយលោកឋានៈប្រធានភូមិមិនមានសិទ្ធិជំទាស់នោះទេ។

លោក ហ៊ាន ហ៊ត់ ចៅសង្កាត់វិហាលួង មានប្រសាសន៍ថា ការដកបារាសខាងលើនេះគឺខាងសាលាសង្កាត់បានស្នើទៅអាជ្ញាធរក្រុងសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ មុនសម្រេចដកទៅដាក់កន្លែងថ្មី ដើម្បីបង្ករភាពងាយស្រួលសម្រាប់រថយន្តដឹកដំឡូងចេញ-ចូលរោងចក្រកែឆ្នៃដំឡូងមីដែលនៅក្បែរនោះ ។ លោកថាបើចង់ដឹងច្បាស់អាចទំនាក់ទំនងទៅខាងមន្ទីអភិវឌ្ឍន៍ជនបទបាន។

ជុំវិញករណីខាងលើនេះ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំមានប្រសាសន៍ទទួលស្គាល់ថា ពិតជាបានដោះដូរបារាសនោះប្រាកដមែន ដោយសារមានសំណូមពរពីម្ចាស់រោងចក្រ,ចៅសង្កាត់ និងលោកអភិបាលក្រុងសួង។ លោកថា បើបន្តដាក់នៅដើមផ្លូវអាចបាំងបានប្រមាណ៣០០ម៉ែត្រតែខាងរោងចក្រនិងបើករថយន្តវាងពីច្រកខាងជើងមកវិញ ដែលអាចធ្វើឲ្យខូចផ្លូវប្រមាណ៣គីឡូម៉ែត្រ ក្នុងនោះ ខាងចៅសង្កាត់ និងខាងរោងចក្រធានាជួសជុល បើសិនផ្លូវប្រមាណ៣០០ម៉ែត្រ នេះខូចខាត ។

ពលរដ្ឋភូមិប្រស្រែលើសុំមិនបញ្ចេញអត្តសញ្ញាណបានរៀបរាប់ថា អាជ្ញាធរក្រុងសួង និងមន្ទីរអភិវឌ្ឍន៍ជនបទគិតយ៉ាងម៉េចនោះទេ បានជាសុខចិត្តផ្គាប់ចិត្តថៅកែរោងចក្រម្នាក់ ដកបារាសការពារផ្លូវចេញ ដោយបំផ្លាញផលប្រយោជន៍ប្រជាជនទូទៅបែបនេះទៅវិញ។ បំផ្លាញ ព្រោះថា រថយន្តធំៗអាចដឹកដំឡូងចេញ-ចូលបានដោយសេរីលើផ្លូវ ងាយធ្វើឲ្យផ្លូវរងការខូចខាតពិបាកធ្វើដំណើរ។

ជាមួយការលើកឡើងបែបនេះពួកគាត់ក៏បានសំណូមពរទៅអភិបាលខេត្តត្បូងឃ្មុំលោក ប៉ែន កុសល្យ ពិនិត្យលទ្ធភាពអន្តរាគមន៍រឿងនេះផង ព្រោះថាផ្លូវមួយខ្សែៗរាជរដ្ឋាភិបាលចំណាយលុយច្រើនណាស់កសាងឡើងដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីចិញ្ចឹម ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មិនមែនកសាងឡើងសម្រាប់ផលប្រយោជន៍បុគ្គលតែម្នាក់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង