លោក អេង ហ៊ី អញ្ជើញម្ចាស់គណនីហ្វេសប៊ុក«ទេព្វអប្សរា ណារ៉ាត្រា» ទៅតុលាការដើម្បីបង្ហាញភស្តុតាងដោះបន្ទុកជនសង្ស័យប្រព្រឹត្តបទល្មើសតាមនីតិវិធី
(ភ្នំពេញ)៖ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុក«ទេព្វអប្សរា ណារ៉ាត្រា»បានបញ្ចេញមតិយ៉ាងវែងអន្លាយពាក់ព័ន្ធការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប ដោយ២រូបបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុក រលួយ និង១រូបទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថផ្ទៃប្រទេសបានលើកឡើងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា «សូមបងប្អូនជួយពិចារណានូវការចូលរួមមតិនេះផង! ខ្ញុំបាទសូមជម្រាបជូនថា ក្នុងកងរាជអាវុធហត្ថទាំងមូល បានធ្វើការអប់រំឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព និងក្រមសីលធម៌ វិជ្ជាជីវៈ។
កងរាជអាវុធហត្ថមានគោលនយោបាយដោះស្រាយទុក្ខលំបាក ជួយគ្នាពេលមានជំងឺ ទីទាល់ក្រ និងជួយដល់គ្រួសារអាវុធហត្ថពលី មរណៈទៀតផង។
កងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានគិតគូរពីក្បាលដល់ចុងជើង ទាំងការហូប ជីវភាពរស់នៅ សុខភាព ស្នាក់នៅ…។ល។
ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបុគ្គលដែលបានបញ្ចេញមតិ យកចិត្តទុកដាក់ និងស្រលាញ់មន្ត្រីកងរាជអាវុធហត្ថយើងខ្ញុំ ប៉ុន្តែកងរាជអាវុធហត្ថ មិន «យល់ញាតិឃ្លាតច្បាប់» នោះទេ។
ខ្ញុំសុំអញ្ជើញម្ចាស់គណនីហ្វេសប៊ុក «ទេព្វអប្សរា ណារ៉ាត្រា» មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឬទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ឬទៅតុលាការ ដើម្បីបង្ហាញភស្តុតាងដោះបន្ទុកជនសង្ស័យប្រព្រឹត្តបទល្មើសតាមនីតិវិធី»៕