ឈ្មួញកំពុងចាក់ដីច្រើនកន្លែងនៅតំបន់មាត់សមុទ្រខណៈអាជ្ញាធរស្រុកស្រែអំបិល,ក៏ដូចជារដ្ឋបាលខេត្តកោះកុងស្ងៀមសូន្យឈឹង

(កោះកុង)៖ ប្រជាពលរដ្ឋ អ្នកស្រុកស្រែអំបិល ក៏ដូចជាមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តកោះកុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានដឹងថា មន្ត្រីស្រុកស្រែអំបិលក៏ដូចជាថ្នាក់ដឹកនាំខេត្តកោះកុងធ្វើដូចជាមិនដឹងរឿងករណីដែលឈ្មួញចាក់ដីលុបព្រែកនៃដៃសមុទ្រ។ រីឯឈ្មួញក៏ចេះតែដំណើរការចាក់ដីលុបសមុទ្រ ជាធម្មតាដូចគ្មានរឿងអ្វីកើតឡើង បើទោះបីជាទង្វើនេះខុសនឹងច្បាប់ក៏ដោយ។

ប្រភពរាយការណ៍ថា ដីចំណីមាត់ព្រែកស្ថិតនៅចំណុចពយទី ភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិលបាននិងកំពុងត្រូវពួកឈ្មួញអ្នកមានអំណាច, មានលុយចាក់អាចម៍ដីរំលោភបំពានយកធ្វើជាកម្មសិទ្ធិយ៉ាងណាអនាធិបតេយ្យ។ ប្រភពបានឲ្យដឹងថា សកម្មភាពរថយន្តដឹកអាចម៍ដីជាច្រើនគ្រឿងបានបន្តដឹកបន្តកន្ទុយគ្នាចាក់ចូលចំណីព្រែកចំណុចពយទី ក្រោមរូបភាពបិទបាំងលាក់លៀម បន្តិចម្តងៗដោយគ្មានច្បាប់អនុញ្ញាតណាមួយពីអាជ្ញាធរ ឬមន្រ្តីជំនាញមូលដ្ឋានសោះឡើយ។

ប្រភពបន្ថែមថា រាល់សកម្មភាពដឹកដីចាក់លុបចំណីព្រែកដៃសមុទ្រនេះ ធ្លាប់កើតឡើងកំឡុងចុងឆ្នាំ២០២៤ម្តងដែរហើយ ប៉ុន្តែត្រូវបានស្ងាត់ទៅវិញ លុះដល់ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញងើបសកម្មភាពជាថ្មី ទាំងបំពានយ៉ាងអនាធិបតេយ្យ។ គេសង្កេតឃើញក្រុមគ្រឿងចក្របានចាក់ដី១ឡានភ្លាម គ្រឿងចក្ររុញដីឲ្យរាបស្មើភ្លាមៗចូលទៅចំណីព្រែកហាក់បីដូចជាសម្រុកខ្លាំងដើម្បីឱ្យទាន់ផែនការចង់បានដីចំណីព្រែកយកមកធ្វើជាកម្មសិទ្ធិរបស់ពួកខ្លួន។ ករណីលបលួចចាក់ដីចូលព្រែកសមុទ្រធ្វើឡើងក្នុងដីកន្លែង ដែលមានរបងបាំងជិតឈឹងមិនអាចមាននរណាដឹងងាយឡើយថា តើពួកគេកំពុងធ្វើអ្វី សូម្បីតែអាជ្ញាធរមូលដ្ឋាននៅក្បែរទីនោះ។

លោក ថន ឃិន មេបញ្ជាការសឹករងស្រុកស្រែអំបិល បដិសេធយ៉ាងខ្លីថា ទីតាំងដែលកំពុងចាក់ដីខាងលើ ពុំមែនជាដីកម្មសិទ្ធិរបស់លោកនោះទេ។ លោកបន្ថែមថា ឈ្មោះ តាម៉ាប់ ជួលកូនគាត់ឱ្យដឹកចាក់បំពេញដីក្នុងដែនគ្រប់គ្រងខ្លួន។ រថយន្តនិងគ្រឿងចក្រពិតជាកម្មសិទ្ធិរបស់កូនប្រុសលោកប្រាកដមែន ដោយមានមនុស្សម្នាក់មើលការ ខុសត្រូវលើដីនេះ ហើយកូនរបស់លោកដែលស៊ីឈ្នួលដឹកអាចម៍ដីឲ្យគេ គឺដឹងតែដឹកជញ្ជូនបំពេញទីតាំងដីធ្លីប៉ុណ្ណោះ។

លោក សុផល ហៅម៉ាប់ ដែលជាអ្នកមើលការខុសត្រូវទីតាំងនេះនិយាយថា លោកចាក់ដីដែលលោកបានទិញពីម្ចាស់មុនគ្រោងធ្វើជារីស៊តទៅថ្ងៃមុខ។ ករណីអាជ្ញាធរនិងមន្រ្តីជំនាញរកឃើញថា ពិតជាចាក់ដីបំពាន ចំណីព្រែកប្រាកដមែន គឺលោកសុំជីកកាយឡើងវិញ។ ដើម្បីស្មើភាពយុត្តិធម៌ដូចគ្នា លោកស្នើសុំឱ្យជីកកាយទាំងអស់គ្នាព្រោះថា ទីតាំងដីនៅក្បែរលោកមួយចំនួនសុទ្ធតែមានការលួចចាក់ដីចូលចំណីច្រើនជាងពួកគាត់ទៅទៀត ហេតុអីមិនឃើញមានអាជ្ញាធរ ឬមន្រ្តីជំនាញណាមួយមកហាមឃាត់ផ្អាកសកម្មភាពសោះឡើយ។

គេមិនដឹងថា តើអាជ្ញាធរស្រុកស្រែអំបិល ជាពិសេសរដ្ឋ បាលខេត្តកោះកុង ហេតុអ្វីក៏ព្រងើយកន្តើយបណ្ដែត បណ្ដោយឲ្យមានសកម្មភាពដដែលៗនេះ កើតឡើងយ៉ាងដូច្នេះ។ ដូចដែលតាម៉ាប់បាននិយាយនោះមែនគឺមិនមែនមានតែមួយកន្លែងនោះទេដែលមានសកម្មភាពចាក់ដីលុបដៃសមុទ្រ។ ផ្ទុយទៅវិញមានច្រើនកន្លែងនៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរស្រុកស្រែអំបិល ក៏ដូចជារដ្ឋបាលខេត្តកោះកុងធ្វើឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យ។

លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយប្រាប់ថា ទីតាំងខាងលើ បានផ្អាកសកម្មភាពជាបន្ទាន់មួយជំហានហើយ ក្រោយមានបទបញ្ជាពីលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែ អំបិល។ សម្រាប់ថ្ងៃទី៦ ខែមករា ក្រុមមន្រ្តីជំនាញ និងអាជ្ញាធរបន្តវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងលម្អិត តើអាជ្ញាធរមានវិធានការយ៉ាងណាចំពោះករណី១នេះ។

ជុំវិញករណីខាងលើនេះ អង្គភាព The Mirror News ពុំអាចសុំការបំភ្លឺពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបាននៅឡើយទេ បើទោះបីបណ្ដាញសារព័ត៌មានយើងបានដាក់លិខិតស្នើសុំឲ្យលោកស្រីជួយបំភ្លឺតាមបណ្ដាញតេលេក្រាមក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង