មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកណ្តាលត្រូវពិនិត្យតាមដានរាល់ព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ អសន្តិសុខក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស
(កណ្ដាល)៖ លោក ទេព អស្នារិទ្ធ ជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកណ្តាលត្រូវពិនិត្យតាមដានរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឲ្យបានទាន់ពេលវេលា រាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបច្ចេកវិទ្យាទំនើប ជាពិសេសតាមបណ្ដាញសង្គមនានាដែលធ្វើឲ្យប៉ះពាល់ ស្ថិរភាព សណ្ដាប់ធ្នាប់ អសន្តិសុខក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស។
ការជំរុញរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសកិច្ចការងារព័ត៌មាន និងសាធារណមតិនៅមន្ទីរព័ត៌មានខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
លោកអនុរដ្ឋលេខាធិការបន្តថា មន្ទីរព័ត៌មានខេត្តមានតួនាទីក្នុងការផលិត និងផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធផល សកម្មភាពនានា របស់រាជរដ្ឋាភិបាល និងរដ្ឋបាលឯកភាពខេត្តកណ្តាល ដើម្បីឱ្យប្រជាពលរដ្ឋ និងសាធារណជននៅគ្រប់ទីសទីបានដឹង និងបានជ្រាប ព្រមទាំងបានពាំនាំនូវក្តីកង្វល់ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ជូនដល់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តដោះស្រាយ។ លោកបន្តទៀតថា មន្ទីរបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលលើកិច្ចការផ្សព្វផ្សាយព័ត៌មាន និងសាធារណៈមតិ ក្នុងគោលបំណងសម្របសម្រួល និងដោះស្រាយបញ្ហាសាធារណមតិ សំដៅលើកកម្ពស់កិន្យានុភាព និងឧត្តមភាព សង្គមជាតិយើង។
លោក ទេព អស្នារិទ្ធ បន្ថែមថា ការងារសាធារណៈមតិគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ សំដៅលើកកម្ពស់នូវរាល់បញ្ហា និងក្ដីបារម្ភរបស់ប្រជាពលរដ្ឋ ទៅលើការជួយអភិវឌ្ឍន៍សហគមន៍នៅទូទាំងខេត្ត ស្របតាមគោលនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោកអនុរដ្ឋលេខាធិការបានណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកណ្តាលត្រូវដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យព័ត៌មាន ដែលបានចែករំលែក និងចែកចាយតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗ ដែលមានចរិតញុះញង់ គ្មានប្រភព និងគ្មានវិជ្ជាជីវៈ ដែលបង្កផលប៉ះពាល់ អវិជ្ជមានដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ ដែលអាចឈានដល់វិបត្តិសង្គមផ្សេងៗ។ លោកបានបន្តណែនាំឲ្យចាត់វិធានការឆ្លើយតបជាបន្ទាន់ និងមានវិធានផ្លូវច្បាប់ចំពោះរាល់ព័ត៌មានបំពុលសង្គម និងបំភ័ន្តសាធារណមតិ។ ជំរុញការផ្សព្វផ្សាយ ដើម្បីបញ្ជ្រៀបជូនដល់សាធារណជន ក្នុងគោលដៅកសាង ជំនឿទុកចិត្តបន្ថែមលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
នៅក្នុងកិច្ចប្រជុំខាងលើ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាលបានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ មន្ទីរព័ត៌មានខេត្តកណ្តាលផលិតព័ត៌មានបានចំនួន៨.៦១៥អត្ថបទ និងរូបភាព ក្នុងនោះ សកម្មភាពរបស់រដ្ឋបាលឯកភាពខេត្តកណ្តាល បានចំនួន១.១១៦អត្ថបទ និងរូបភាព និងធ្វើការផ្សព្វផ្សាយ តាមទូរទស្សន៍ជាតិ ទូរទស្សន៍ឯកជន Page ផ្លូវការទាំង៥របស់ខេត្ត, បញ្ជរព័ត៌មាន, បណ្តាញសង្គម, និងអង្គភាពសារព័ត៌មាននានា បានចំនួន៤៥.៤៦៩លើក ក្នុងនោះផ្សព្វផ្សាយ តាមរយៈ ទូរទស្សន៍ជាតិនិងឯកជនបានចំនួន ៤.៦៤០អត្ថបទ និងរូបភាព និងផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គម Facebook Youtube TikTok Instagram និងTelegram ចំនួន៤០.៩២៩ អត្ថបទនិងរូបភាព៕