តើមេអាប៉ោងឈ្មោះ តាត្នោតជ្រុំ ពិតជាខ្លាំងជាងមេប៉ូលិស មេPM និងចៅហ្វាយខេត្តបាត់ដំបងទៀតមែនទេ?
(បាត់ដំបង)៖ មេអាប៉ោងឈ្មោះ តាត្នោតជ្រុំ បានកំពុងបើកវង់លេងអាប៉ោងល្មើសច្បាប់ ប្រឆាំងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសប្រឆាំងបទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រភពបានខ្សឹបឲ្យ ភ្នាក់ងារ The Mirror News ដឹងថា ទីតាំងដែលមេអាប៉ោងឈ្មោះ តាត្នោតជ្រុំ ឧស្សាហ៍នាំគ្នាអង្គុយលេងនិងអ៊ុតយ៉ាងយកចិត្តទុកដាក់គឺស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពបន្តខ្សឹបថា ម្ចាស់ទីតាំងឈ្មោះ តាត្នោតជ្រុំ បានលួចបើកដំណើរការលេងល្បែងច្រើនប្រភេទផងដែរនាកន្លងមក បច្ចុប្បន្នគេឃើញនៅមានតែវង់អាប៉ោងដែលក្រុមអ្នកញៀនល្បែងនេះបានចាក់ភ្នាល់លុយច្រើនៗរាប់ពាន់ដុល្លារ។ ហើយមកទល់ពេលនេះ គេមិនទាន់ឃើញក្រុមលោកស្នងការខេត្ត, ក្រុមលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងក្រុមលោកអភិបាលខេត្តបាត់ដំបងចុះទៅបង្ក្រាបនៅឡើយនោះទេ។ ចំពោះលោកអធិការនគរបាលក្រុងបាត់ដំបងលោក ពេជ្រ សារ៉ែន រឹតតែមិនហ៊ានទៅក្បែរទៀត គេមិនដឹងថាមកពីមូលហេតុអ្វីបានជាបណ្ដោយឲ្យមានល្បែងស៊ីសងបើកលេងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
បើតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង៖ *ត្រង់មាត្រា១៖ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា- ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។ *ត្រង់មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០ ) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ )ដល់ប្រាំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។ *ត្រង់មាត្រា៥៖ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ *ត្រង់មាត្រា៦៖ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា។ *ត្រង់មាត្រា៧៖ ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួល ភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ៕