រដ្ឋបាលស្រុកកោះធំបានខិតខំគិតគូរជួយដោះស្រាយខ្លាំងណាស់ជូនដល់ក្រុមអាជីវករផ្សារកោះធំ មិនដូចជាការលើកឡើងរបស់សាច់ញាតិក្រុមគ្រួសារលោកស្រី អុឹម អូន បានប្ដឹងទៅកាន់អភិបាលខេត្តកណ្ដាលទាំងបំផ្លើសការពិតនោះទេ!
(កណ្ដាល)៖ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មិនក្រោមបីលើកនោះទេដែលរដ្ឋបាលស្រុកកោះធំបានព្យាយាមបើកកិច្ចប្រជុំជួយសម្រុះសម្រួលករណីអាជីវករផ្សារកោះធំម្នាក់ឈ្មោះ « អុឹម អូន » នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះ ខេត្តកណ្ដាលដែលកម្មង់ឲ្យអាជ្ញាធរស្រុកកោះធំទាំងមូលធ្វើតាមខ្លួនដោយបានសំអាងថា ទីតាំងសម្រាប់លក់ដូរដែលរដ្ឋបាលស្រុកបានខិតខំរកឲ្យគឺលក់មិនដាច់ គ្មានមនុុស្សទិញ ស្ងាត់ ខណៈដែលក្រុមគ្រួសាររបស់ខ្លួនបានកំពុងត្រូវការលុយយ៉ាងខ្លាំងសម្រាប់ទិញថ្នាំពេទ្យដើម្បីព្យាបាលជំងឺប្រចាំកាយ។
មិនតែប៉ុណ្ណោះក្រុមគ្រួសារសាច់ញាតិរបស់អាជីវករឈ្មោះ «អុឹម អូន»ដែលមានឈ្មោះ ម៉េង ឡៃហេង និងក្រុមគ្រួសារបានសរសេរពាក្យប្ដឹងទៅកាន់ឯកឧត្ដមអភិបាលខេត្តកណ្ដាលទាំងបណផ្លើសការពិតថា «ពួកខ្លួនមានការសោកស្តាយចំពោះអាជ្ញាធរស្រុកកោះធំនៅតែមិនទាន់បានអនុវត្ត និងដោះស្រាយបញ្ចប់វិវាទតាមការណែនាំរបស់ឯកឩត្តមនោះទេគឺគ្រាន់កោះហៅក្រុមគ្រួសាររបស់ពួកគេឲ្យចូលរួមដោះស្រាយ ហើយធ្វើកំណត់ហេតុកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ ហើយអាជ្ញាធរនៅតែមិនទាន់ដោះស្រាយទៅតាមការសន្យាដូចខ្លឹមសារនៅក្នុងកំណត់ហេតុកាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នោះទេ។ ទោះខាងស្រុកហៅក្រុមគ្រួសាររបស់ពួកគេទៅដោះស្រាយតាមការណែនាំរបស់ឯកឩត្តមជាលើកទី២នេះក៏ដោយ ប៉ុន្តែខាងអាជ្ញាធរស្រុកកោះធំដូចមិនមានឆន្ទៈឈរលើភាពយុត្តិធម៌ដើម្បីដោះស្រាយអោយក្រុមគ្រួសារពួកគេនោះទេ គឺនៅតែមិនទាន់ទទួលបានកន្លែងលក់ដូរសមរម្យដូចការសន្យានៅក្នុងកំណត់ហេតុធ្វើនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់អាជ្ញាធរស្រុកកោះធំនៅឡើយទេ រហូតមកដល់ដោះស្រាយលើកទី២នេះ»។
បើតាមប្រភពពីមន្ត្រីរដ្ឋបាលស្រុកកោះធំបានឲ្យអង្គភាព The Mirror News ដឹងថា ពាក់ព័ន្ធនឹងអាជីវករផ្សារកោះធំម្នាក់ឈ្មោះ « អុឹម អូន »នេះ រដ្ឋបាលស្រុកបានបើកកិច្ចប្រជុំជួយសម្រុះសម្រួលករណីនេះចំនួន៣លើកមកហើយបើគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ដោយ៖ *លើកទី១៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សារ៉ុន សុវណ្ណារ៉ា អភិបាលរងស្រុកតំណាងលោកអភិបាលស្រុកកោះធំ។ *លើកទី២៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សារ៉ុន សុវណ្ណារ៉ា អភិបាលរងស្រុកតំណាងលោកអភិបាលស្រុក។និង*លើកទី៣៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ឆែ វណ្ណឌី អភិបាលនៃគណៈអភិបាលស្រុកកោះធំតែម្ដង។
ជុំវិញករណីនេះ អាជីវករផ្សារកោះធំ លោកស្រី អុឹម អូន បាននិយាយថា គាត់បានបង់វិភាគទានចំនួន៣០០ដុល្លារឲ្យឈ្មោះ អេង សុម៉ា (ហៅ លី ម៉ា) អ្នកសាងសង់ផ្សារ ដើម្បីធ្វើតូបទំហំទទឹង២ម៉ែត្រគុណ២ម៉ែត្រ ដោយបានទទួលបង្កាន់ដៃ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ចាប់ តាំងពីបានទទួលបង្កាន់ដៃនេះ ពុំមានបុគ្គលណាមួយមកបង្កបញ្ហាណាមួយទេ។ តែចាប់ផ្តើមមានបញ្ហានៅ ពេលរដ្ឋបាលស្រុកបានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារកោះធំចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ពេលនោះគាត់មិនបាននៅទេ ចំពោះបង្កាន់ដៃនេះគឺមានការទទួលស្គាល់ត្រឹមអ្នកលក់អ្នកទិញ ដោយគ្មានការទទួលស្គាល់ពីអាជ្ញាធរដែនដីនោះទេ។ ដោយបានសំណូមពរសូមទីតាំងតូបរបស់គាត់វិញ ព្រោះតូបនេះត្រូវបានគេរំលោភយកហើយ។ ចំពោះឯកសារក្រៅពីបង្កាន់ដៃនេះ ខ្ញុំមានសាក្សីបញ្ជាក់ត្រឹមត្រូវ។
បើតាមលោកស្រី កែវ កុសល អាជីវករលក់សាច់គោផ្សារកោះធំបានឲ្យដឹងថា ក្រោយរដ្ឋបាលស្រុកចុះរៀបចំសណ្តាប់ធ្នាប់ គាត់បានជួលតូបនៅខាងក្នុងគឺតូបឈ្មោះ សំ សាញ់ ដោយលក់មិនដាច់ ម្ចាស់តូបក៏បានដោះដូរជាមួយខាងភាស៊ីដើម្បីបានមកលក់នៅកន្លែងផ្ញើម៉ូតូវិញ។
បើតាមលោកស្រី យូ សម្រស់ អាជីវករលក់គ្រឿងសមុទ្របាននិយាយថា មុនរដ្ឋបាលស្រុកចុះរៀបចំសណ្តាប់ធ្នាប់ គាត់លក់នៅលើចិញ្ចើមផ្លូវ ពុំមានទីតាំងច្បាស់លាស់ទេ ក្រោយមកគាត់បានជួលតូបពីឈ្មោះ ហ៊ី មួយលី គឺតូបខាងក្នុង ហើយក្រោយមកគាត់បានដោះដូរជាមួយម្ចាស់ភាស៊ី ដើម្បីបានចេញមកលក់នៅកន្លែងផ្ញើម៉ូតូវិញ។
ទាក់ទិនករណីនេះ លោកស្រី ងន ពៅ តំណាងភាស៊ីផ្សារបានលើកឡើងថា ចំពោះការដោះ ដូរតូបលក់ពីក្នុងមកក្រៅឈ្មោះ កែវ កុសល, ឈ្មោះ យូ សំរស់ និងឈ្មោះ សម្រស់ គឺបានឆ្លងយោបល់ជាមួយលោក ច្រឹក ស្រ៊ង អភិបាលរងស្រុក ដោយគាត់បានបញ្ជាក់ថា អាចដោះដូរគ្នាបានករណីភាគីទាំងពីរមិនមានទំនាស់ តែនៅពេលមានទំនាស់ត្រូវរើចូលកន្លែងដើមវិញ។
ពាក់ព័ន្ធករណីខាងលើនេះ លោកស្រី អុឹម អូន បានតវ៉ាចំពោះការលក់ដូរនេះ ដោយលើកហេតុផលច្រើនប្រការ។
ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋបាលស្រុកកោះធំមិនអាចស្របតាមគំនិតរបស់លោកស្រីបានទេព្រោះរដ្ឋបាលស្រុកត្រូវអនុវត្តតាមគោលការណ៍នៃការរំដោះផ្លូវ។ ហើយនៅពេលដែលមានការសម្របសម្រួលពន្យល់ហេតុផលពីរដ្ឋបាលស្រុកនៅចុងបញ្ចប់នៃកិច្ចប្រជុំសម្របសម្រួលនោះលោកស្រី អុឹម អូន ហាក់ដូចជាយល់ស្របនឹងព្រមទទួលយកនូវអ្វីដែលជាការផ្ដល់ជូនរបស់រដ្ឋបាលស្រុកកោះធំផងដែរ។ នេះបើតាមប្រភពដែលបានប្រាប់ឲ្យដឹងបន្ថែម។
បើតាមលោក សំ សាញ់ ម្ចាស់តូបផ្សារកោះធំបានលើកឡើងថា លោកសូមធ្វើការឯកភាពតាមការលើកឡើងរបស់លោកប្រធានកិច្ចប្រជុំ និងធ្វើការសំណូមពរ សូមភាគីបញ្ចប់ទំនាស់ជាមួយគ្នា និងទទួលយកការសម្របសម្រួលរបស់ស្មារតីកិច្ចប្រជុំ។
បើតាមលោក អេង សុម៉ា ហៅ លី ម៉ា អ្នកសាងសង់ផ្សារបាននិយាយដែរថា តូបនេះឈ្មោះ អុឹម អូន បានបង់វិភាគទានចំនួន៣០៤ដុល្លារ មានទំហំ២ម៉ែត្រគុណ២ម៉ែត្រ ទីតាំងនៅក្រៅច្រវ៉ាក់ កន្លែងផ្ញើរម៉ូតូ តែបច្ចុប្បន្នច្រវ៉ាក់ត្រូវបានអាជីវករកាត់ចេញអស់ហើយ។
បញ្ហានេះ លោក ណែម ស៊ីនិត មេភូមិព្រែកថ្មីបានលើកឡើងថា លោកសូមឯកភាព និងគាំទ្រតាមមតិលើកឡើងរបស់លោក ប្រធានកិច្ចប្រជុំ។
បើតាមលោក រ៉ូន រឺ ក្រុមប្រឹក្សាឃុំព្រែកថ្មីបានលើកឡើងថា ចំពោះទីតាំងមុខតារាងបាល់ ដោយមានមតិដឹកនាំពីលោក អភិបាលស្រុកបានបញ្ជាឲ្យរៀបចំសណ្តាប់ធ្នាប់មុខកីឡដ្ឋានទាំងឡាន និងតូបលក់ដូរ មិនឲ្យមានឡានចតចោល ឬតូបលក់នាំឲ្យបាត់បង់សោភ័ណ្ឌភាពមុខទីតាំងកីឡដ្ឋាន។
គួរជម្រាបថា ក្រោយពីបានសាកសួរ និងបានស្តាប់ការបំភ្លឺរបស់ភាគីពាក់ព័ន្ធជាការសម្របសម្រួលក្នុងស្មារតីកិច្ចប្រជុំបានសម្រេចថា៖ ទី១៖ ករណីឈ្មោះ អុឹម អូន រដ្ឋបាលស្រុកនឹងសម្របសម្រួលឲ្យលក់នៅមុខទីតាំងកីឡដ្ឋានស្រុក ជាបណ្តោះអាសន្នដោយរង់ចាំរកកន្លែងលក់ក្នុងផ្សារ ដោយសមរម្យតែមិនផ្តល់កម្មសិទ្ធិនោះទេ និងមិនអនុញ្ញាតឲ្យបន្តលក់នៅទីតាំង ដែលមានទំនាស់ទៀតទេ។ទី២៖ ចំពោះអាជីវករ៣នាក់ផ្សេទៀតដែលបានជួលតូបពីលោក សំ សាញ់ លោកស្រី ហ៊ី មួយលី និងឈ្មោះ ចែ ពត ដែលបានដោះដូរកន្លែងលក់ជាមួយភាស៊ីផ្សារ ត្រូវត្រលប់ទៅលក់កន្លែងដើមវិញ។
ជុំវិញករណី លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ និងជាប្រធានអង្គប្រជុំនៅព្រឹកថ្ងៃទី១៥ មករានេះបានគូសបញ្ជាក់ថា ពាក់ព័ន្ធការចង្អុលបង្ហាញរបស់ឯកឧត្ដមអភិបាលខេត្តឲ្យរដ្ឋបាលស្រុកចុះរៀបចំសណ្ដាប់ធ្នាប់និងផ្ដល់ពេលវេលាឲ្យបងប្អូនអាជីវករនៅក្នុងផ្សារកោះធំទាំងបានរៀបចំកន្លែងលក់ដូរធ្វើអាជីវកម្មឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ។
លោក ឆែ វណ្ណឌី បន្តថា ពាក់ព័ន្ធករណីអាជីវករផ្សារកោះធំម្នាក់ឈ្មោះ «អុឹម អូន»នេះ រដ្ឋបាលស្រុកបានខិតខំគិតគូរយ៉ាងខ្លាំងដោយលោក សារ៉ុន សុវណ្ណារ៉ា អភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុកនិងលោកមេភូមិបានដើរជួយរកកន្លែងឲ្យគាត់បានលក់ដូរដើម្បីជួយលើកកម្ពស់ជីវភាពគាត់ឲ្យបានធូរធារ មិនមែនដូចគាត់លើកឡើងថា រដ្ឋបាលស្រុកមិនគិតគូរជួយដោះស្រាយនោះទេ។ លោកបន្តថា មកទល់ពេលនេះ គ្មានអាជីវករណាមួយអាចលក់ដូរដោយគ្មានសណ្ដាប់ធ្នាប់ទៀតទេ ព្រោះរដ្ឋបាលស្រុកបានខិតខំព្យាយដោះស្រាយទម្រាំរំដោះបានឲ្យមានសណ្ដាប់ធ្នាប់ល្អងាយស្រួលក្នុងការឡានដឹកសំរាមចូលទៅយកសំរាម និងឡានទឹកអាចចេញចូលបាន ពេលមានគ្រោះអគ្គីភ័យកើតឡើងដោយប្រការណាមួយជាយថាហេតុ។
គួរជម្រាបថា លោក គួច ចំរើន អភិបាលខេត្តកណ្ដាលបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង ស្រុកទូទាំងខេត្តកណ្ដាលឲ្យរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យឲ្យបានល្អប្រសើរដោយមិនអនុញ្ញាតឲ្យលក់ដូរលើចិញ្ចើមផ្លូវ និងតាមទីសាធារណៈបែបអនាធិបតេយ្យជាហេតុធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈនោះទេ ជាពិសេសនៅតាមតំបន់ទីប្រជុំជន និងតាមផ្សារនានាទូទាំងខេត្ត៕