លោក ទូច សុឃៈ បញ្ជាក់ថា អតីតឧកញ៉ា ហេង សិទ្ធី នឹងមកដល់កម្ពុជាវិញឆាប់ៗនេះ

(ភ្នំពេញ)៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតអតីតឧកញ៉ា ហេង សិទ្ធីនឹងមកដល់ស្រុកខ្មែរវិញ ក្រោយពីការបំពេញបែបបទរួចរាល់។

ការលើកឡើងរបស់ លោក ទូច សុឃៈ បន្ទាប់ពីអតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ខណៈថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក ។ លោកសុឃៈ បានលើកឡើងនាថ្ងៃ១៥ ខែមករាថា ការចាប់ខ្លួនអតីតឧកញ៉ារូបនេះ បានធ្វើឡើងអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែមុននឹងបញ្ជូនមកខ្មែរវិញគឺត្រូវបំពេញបែបបទឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋ ជាពិសេសជាមួយរដ្ឋសាមីដែលបានចាប់ខ្លួនអតីតឧកញ៉ារូបនេះ។ 

អ្នកនាំពាក្យរងរូបនេះបន្តថា «ការបំពេញ បែបបទដើម្បីស្នើឈ្មោះ ហេង សិទ្ធីមកប្រទេសកម្ពុជាគឺតាមរយៈហៅថា កិច្ចព្រមព្រៀងបត្យាប័នរវាងរដ្ឋនិងរដ្ឋ ប៉ុន្តែការមកដល់ពេលណាគឺខ្ញុំមិនអាចបញ្ជាក់ជូនបានទេ គឺវាអាស្រ័យទៅលើការបំពេញនីតិវិធីទៅតាមបែបបទបានចប់សព្វគ្រប់ ប៉ុន្តែវាមិនយូរពេកទេនៅក្នុងការបញ្ជូនមកនេះ»។ 

ចំពោះការចាប់ខ្លួននេះ លោក ទូច សុឃៈ ក៏បានបញ្ជាក់ថា មិនមែនដោយសារគាត់ដើរបរិហារកេរ្តិ៍គេពីក្រៅប្រទេស មកនោះទេ ប៉ុន្តែមានដីកាចេញពីតុលាការបញ្ជាឲ្យចាប់ខ្លួនលោក ហេង សិទ្ធី និងមានបណ្តឹងពីមុនមកផងដែរ។ លោកបញ្ជាក់ថា ការចេញទៅក្រៅប្រទេសរបស់លោក ហេង សិទ្ធីដោយសារតែការគេចពីការចាប់ ខ្លួនរបស់តុលាការ ឬសមត្ថកិច្ចព្រហ្មទណ្ឌ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏លោក ទូច សុឃៈ អះអាងថា ការបរិហារកេរ្តីពីកម្ពុជាថា ជាកន្លែងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការជួញដូរមនុស្ស និងគ្រឿងញៀន បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍របស់កម្ពុជាជាខ្លាំងនៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ មករា បានចេញលិខិតទៅ កាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។ កាលពីថ្ងៃទី៣១ ធ្នូ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកា ឱ្យចាប់ខ្លួនពីបទគំរាមកំហែង ហែកកេរ្តិ៍មានស្ថានទម្ងន់ទោស៕

អត្ថបទដែលជាប់ទាក់ទង